(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៥៣១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀតសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៦ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រ៉ងតែឯងរហូតដល់ ៤,៥៥៥ករណី។
សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៨,៤៦៥នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយ១៩,៣៤២នាក់៕