(ប៉េកាំង)៖ តំបន់ឆ្នេរភាគខាងកើតប្រទេសចិន បានលុបចោលជើងហោះហើរ ផ្អាកបណ្តាញរថភ្លើង និងបិទអាជីវកម្មផ្សេងៗ ខណៈដែលព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះថា អ៉ីនហ្វា (In-Fa) បានបោកបក់ទៅដល់ នារសៀលថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មានអាមេរិក CNN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើប្រភពពីរដ្ឋបាលឧតុនិយមចិន បានរាយការណ៍ថា ព្យុះទីហ្វុង អ៉ីនហ្វា បានបោកបក់ដល់សង្កាត់ពូទូ (Putuo) នៃទីក្រុងចូវសាន (Zhoushan) ដែលជាកំពង់ផែសំខាន់មួយ នៅខេត្តស៉ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន នារសៀលថ្ងៃអាទិត្យនេះ។
បើតាមអាជ្ញាធរឧតុនិយមចិន ព្យុះទីហ្វុង អ៉ីនហ្វា កំពុងធ្វើដំណើរក្នុងល្បឿន១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈកម្លាំងខ្យល់បក់របស់វា គឺ៣៨ម៉ែត្រក្នុងមួយវិនាទី ឬស្មើនឹងជិត១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការព្យាករបានបង្ហាញថា វានឹងធ្វើដំណើរតាមបណ្តោយឆ្នេរខេត្តស៉ីជាំង ឆ្ពោះទៅភាគខាងជើង ដោយឆ្លងកាត់ទីក្រុងសៀងហៃ ហើយទៅដល់ខេត្តជាំងស៊ូ (Jiangsu) នៅល្ងាចថ្ងៃអាទិត្យនេះ។
អាជ្ញាធរគ្រប់គ្រងភាពអាសន្ននៃខេត្តស៉ីជាំង បានបង្កើនការត្រៀមលក្ខណៈឆ្លើយតបដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដោយបានបញ្ជាឲ្យបិទសាលារៀន ផ្សារ និងអាជីវកម្មផ្សេងៗ ព្រមទាំងផ្អាកសេវាកម្មរថភ្លើង ហើយជើងហោះហើរ ក៏ត្រូវបានលុបចោលអស់ជាច្រើនផងដែរ។
គួរបញ្ជាក់ថា ការមកដល់នៃព្យុះទីហ្វុង អ៉ិនហ្វា គឺចំពេលដែលតំបន់ភាគកណ្តាលប្រទេសចិន កំពុងស្ថាបនាឡើងវិញ ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ បង្កឡើងដោយព្យុះទីហ្វុងមួយផ្សេងទៀត ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច៥៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយបង្ខំឲ្យមនុស្សជាង១លាននាក់ ត្រូវជម្លៀសខ្លួន៕