(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី (Wang Yi) នៅចុងសប្តាហ៍នេះ បានថ្លែងថា ចិននិងសហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ដើម្បីបង្ហាត់បង្រៀនរឿងមួយដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
លោក វ៉ាង បាននិយាយថា វាគ្មានប្រទេសណាមួយ ដែលមានឋានៈខ្ពង់ខ្ពស់ជាប្រទេសដទៃឡើយ ហើយក៏មិនគួរមានប្រទេសបែបនេះដែរ។ លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានសង្កត់ធ្ងន់ថា ប្រទេសលោកមិនទទួលយកដាច់ខាតចំពោះ ប្រទេសណាមួយ ដែលគិតថាខ្លួនមានភាពឧត្ដុង្គឧត្ដមអស្ចារ្យជាងគេជាងឯង។
បើតាមលោក វ៉ាង ប្រសិនបើសហរដ្ឋអាមេរិក នៅតែមិនយល់ច្បាស់ពីក្បួនច្បាប់មូលដ្ឋាន នៃការធ្វើប្រាស្រ័យទាក់ទងជាមួយប្រទេសដទៃទេនោះ ចិនរួមជាមួយសហគមន៍អន្តរជាតិ គឺមានទំនួលខុសត្រូវដើម្បីអប់រំទូន្មាន នូវមេរៀនមួយដល់អាមេរិក ស្តីពីរបៀបចាត់ទុកប្រទេសដទៃ ក្នុងឥរិយាបថស្មើភាពគ្នា។
គួរបញ្ជាក់ថា លោក វ៉ាង យី បានលើកឡើងដូចខាងលើ កំលុងជំនួបកិច្ចសន្ទនាយុទ្ធសាស្រ្តជុំទី៣ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ស្សា ម៉ាមូដ (Shah Mahmood) នៅទីក្រុងឈិនឌូ (Chengdu) នៃខេត្តស៉ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ៕