(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានជំរុញឱ្យប្រជាពលរដ្ឋវ័យចំណាស់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយធានាថា វ៉ាក់សាំងទាំងនោះគឺមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
លោក Lee Hsien Loong បានថ្លែងតាមរយៈខ្សែវីដេអូ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃសៅរ៍នេះថា «កុំរង់ចាំរហូតដល់វាយឺតពេល។ មនុស្សភាគច្រើនដែលមានអាយុប្រហាក់ប្រហែលនឹងអ្នក បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ រួមទាំងមិត្តភក្តិ និងអ្នកជិតខាងរបស់អ្នកជាដើម។ ដូចច្នេះសូមប្រញាប់រួសរាន់ឡើន ព្រោះការការពារខ្លួនអ្នក គឺដូចជាការការពារគ្រួសារអ្នកផងដែរ។ វ៉ាក់សាំងនឹងការពារអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយនឹងធ្វើឱ្យអ្នកអាចត្រលប់ ទៅរកស្ថានភាពធម្មតាវិញជាថ្មី»។
លោក Lee Hsien Loong បានរំលឹកដល់ប្រជាពលរដ្ឋវ័យចំណាស់ថា COVID-19 គឺជាជំងឺដ៏គ្រោះថ្នាក់មួយសម្រាប់មនុស្សវ័យចំណាស់ ជាពិសេសមនុស្សដែលមានបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមជាដើម។ ទោះបីជាអ្នកមិនចេញទៅក្រៅច្រើនក៏ដោយ អ្នកនៅតែអាចឆ្លងវាបានពីមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក។ វ៉ាក់សាំងនេះ នឹងការពារអ្នកពីការឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនោះ។ កុំបារម្ភអី វាគឺមានសុវត្ថិភាពណាស់»។
គួរបញ្ជាក់ថា នៅក្នុងខ្សែវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក Lee Hsien Loong បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋវ័យចំណាស់ ដែលមានអាយុលើសពី ៦០ឆ្នាំឱ្យបាន ២០ម៉ឺននាក់។ ពួកគេអាចដើរចូលមជ្ឈមណ្ឌលចាក់វ៉ាក់សាំងណាមួយ ដើម្បីទទួលបានការចាក់វ៉ាក់សាំង ដោយមិនចាំបាច់ធ្វើការចុះឈ្មោះ ឬធ្វើការកក់ទុកជាមុនឡើយ ហើយក្រុមចាក់វ៉ាក់សាំងចល័ត ក៏មានសម្រាប់អ្នកដែលពិបាកចាកចេញពីផ្ទះផងដែរ៕