(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា ប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងបានរ៉ាប់រង ៣ ភាគ ៤ ឬស្មើនឹង ៧៥ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ពួកគេទាំងនោះមិនមាននរណាម្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរឡើយ។ នេះបើតាមការដកស្រង់ និងចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី ខណៈវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកចាក់វ៉ាក់សាំងនៅតែមានឱកាសឆ្លង COVID-19 ដដែល ហើយការចាក់វ៉ាក់សាំងតែមួយមុខទៀតសោត វាមិនគ្រប់គ្រាន់ក្នុងការកាត់ផ្ដាច់ចរន្តឆ្លងបាននោះទេ។ ទិន្នន័យខាងលើនេះដដែឡបានឱ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ ១,០៩៦ករណី ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ មាន ៤៨៤ករណី ឬស្មើ ៤៤ភាគរយត្រូវបានរកឃើញលើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស។ ចំណែកឯ ៣០ភាគរយទៀតជាអ្នកចាក់វ៉ាក់សាំងត្រឹមដូសទី ១ និង ២៥ភាគរយត្រូវបានរកឃើញលើអ្នកមិនបានចាក់វ៉ាក់សាំង។
បច្ចុប្បន្នសិង្ហបុរីសម្រេចបានការចាក់វ៉ាក់សាំងជិត ៧៥ភាគរយនៃប្រជាជនសរុបទាំង ៥.៧លាននាក់របស់ខ្លួន ក្នុងនោះមានជាងពាក់កណ្ដាលបានទទួលការ ចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស។ សិង្ហបុរីប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer និង Moderna សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញ សិង្ហបុរីមានករណីឆ្លង COVID-19 សរុប ៦២,៩២៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣៦នាក់ និងជាសះស្បើយវិញ ៦២,៥៨៧នាក់៕