(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ៣៣នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអាហ្វហ្កានីស្ថាននៅក្នុងខេត្តចំនួន២ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន បានគូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅភាគខាងជើងខេត្ត Jawzjan ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១៩នាក់ត្រូវបានសម្លាប់ និង១៥នាក់រងរបួស បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសអាហ្វហ្កានីស្ថាន បានបាញ់តម្រង់ចំគោលដៅលាក់ខ្លួនរបស់ពួកគេ នៅក្នុងភូមិ Murghab និង Hassan Tabbin ស្ថិតនៅជាយក្រុងនៃទីរួមខេត្ត Shiberghan។
ចំណែកឯ ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១៤នាក់ទៀតក៏ត្រូវបានសម្លាប់ និង ០២នាក់ផ្សេងទៀតក៏រងរបួសផងដែរ ខណៈដែលកងទ័ពអាកាសអាហ្វហ្កានីស្ថាន បានវាយប្រហារទីតាំងរបស់ពួកគេស្ថិតនៅជាយក្រុង Lashkar Gah នៃទីរួមខេត្ត Helmand។ ទន្ទឹមនឹងនេះ យានជំនិះរបស់ពួកគេចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៦គ្រឿង, លេនដ្ឋានចំនួន ០២កន្លែង រួមទាំងអាវុធ និងគ្រាប់រំសេវមួយចំនួនធំទៀត ក៏ត្រូវបានបំផ្លាញផងដែរ។
គួរបញ្ជាក់ថា ខណៈដែលកងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គការណាតូ (NATO) បានចាកចេញពីប្រទេសអាស៊ីមួយនេះអំពើហិង្សាកំពុងតែកើនឡើង យ៉ាងខ្លាំង ហើយដើម្បីទប់ស្កាត់ស្ថានការណ៍បាន កងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានបន្តដាក់សម្ពាធទៅលើក្រុមសកម្មប្រយុទ្ធទាំងនោះ៕