(ហាណូយ)៖ រដ្ឋធានីហាណូយរបស់វៀតណាមនៅថ្ងៃសៅរ៍នេះ បានចាប់ផ្ដើមអនុវត្តការបិទខ្ទប់ (lockdown) និងវិធានការរក្សាគម្លាតសុវត្ថិភាពដ៏តឹងរ៉ឹងមួយ ចំពោះមុខការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
អាជ្ញាធរក្នុងរដ្ឋធានីហាណូយ បានប្រកាសពីការដាក់ចេញ វិធានការរក្សាគម្លាតសុវត្ថិភាពខាងលើ កាលពីយប់ថ្ងៃសុក្រជាមួយការបញ្ជាក់ថា វិធានការនេះត្រូវអនុវត្តស្របទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ហើយនឹងមានរយៈពេល ១៥ថ្ងៃរាប់ចាប់ពីថ្ងៃចូលជាធរមាន។
បើតាមបទបញ្ជានេះដែរ ប្រជាជនក្នុងរដ្ឋធានីហាណូយ ត្រូវស្ថិតនៅក្នុងផ្ទះ និងអាចចេញទៅក្រៅបានដើម្បីស្វែងរកសេវាចាំបាច់ ឬក្នុងករណីចំាបាច់ដូចជា ទិញម្ហូប ឬក៏ថ្នាំពេទ្យ និងទៅធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មនានា ដែលទទួលបានការអនុញ្ញាតឱ្យបន្តបើកទ្វារដំណើរការនៅឡើយ។ បន្ថែមពីលើនេះ ការជួបជុំគ្នានៅតាមទីសាធារណៈចាប់ពីមនុស្ស ២នាក់ឡើងទៅ ក៏នឹងត្រូវបានហាមឃាត់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ រដ្ឋធានីហាណូយមានអ្នកឆ្លង COVID-19 ចំនួន ៨៨៤នាក់ គិតចាប់តាំងពីជំងឺនេះផ្ទុះឡើងជាថ្មីនៅក្នុងប្រទេស វៀតណាមកាលពីខែមេសាមក ហើយជាងពាក់កណ្ដាលនៃករណីឆ្លងទាំងនេះទៀតសោត ត្រូវបានរាយការណ៍ចាប់តាំងពីដើមខែកក្កដានេះមក។ គិតត្រឹមយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា វៀតណាមមានករណីឆ្លង COVID-19 សរុប ៨១,៦៧៨ករណី ក្នុងនោះមានអ្នកស្លាប់ ៣៧០នាក់ និងជាសះស្បើយវិញ ១៥,៥៣៦នាក់៕