(ហៃទី)៖ ប្រតិភូអាមេរិក និងអ្នកតំណាងរដ្ឋាភិបាលផ្សេងទៀត ត្រូវបានគេជម្លៀសចូលក្នុងរថយន្ដភ្លាមៗ ខណៈមានសេចក្ដីរាយការណ៍ពីការផ្ទុះអាវុធ និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ នៅខាងក្រៅពិធីបុណ្យសពរបស់អតីតប្រធានាធិបតីហៃទី លោក Jovenel Moise នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឱ្យដឹងថាក្រុមប្រតិភូរបស់លោកប្រធានាធិបតី ចូ បៃដិន មានសុវត្ថិភាពទាំងអស់គ្នា។ លោកស្រីបានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយដូច្នេះថា៖ «ក្រុមប្រតិភូរបស់លោកប្រធានាធិបតីគឺមានសុវត្ថិភាព ក្រោយមានសេចក្ដីរាយការណ៍ពីការផ្ទុះអាវុធនៅខាងក្រៅ ពិធីបុណ្យសព...ប៉ុន្តែយើងពិតជាបារម្ភជាខ្លាំងចំពោះភាពចលាចលក្នុងប្រទេសហៃទី»។
គួរបញ្ជាក់ថា ក្រុមប្រតិភូអាមេរិកបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោក Jovenel Moise ក្រោមការដឹកនាំដោយអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield។ លោកស្រី Thomas-Greenfield ត្រូវបានគេរាយការណ៍ថាបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញមុនកាលកំណត់ ដោយសារបារម្ភពីសុវត្ថិភាព ហើយលោកស្រីក៏បានបង្ហោះសារលើ Twitter ដោយជំរុញឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសហៃទីមានការអត់ធ្មត់ខ្ពស់ និងបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សាផងដែរ៕