(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានអះអាងនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះថា គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ ៦.៧រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល នៅពេលព្រឹកព្រហាមថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតចេញពីក្នុងជម្រៅដី ១១៦គីឡូម៉ែត្រ ហើយប្រជាជនក្នុងតំបន់ បានភ្ញាក់ពីដំំណេកទាំងព្រឹកព្រហាមតែម្តង ដោយសារតែសកម្មភាពញ័រញ្ជួយ បានអូសបន្លាយជិត ១នាទី។
ជុំវិញហេតុការណ៍ខាងលើនេះ លោក រីណាតូ សូលីដឹម (Renato Solidum) នាយកទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បានលើកឡើងថា «គ្រោះរញ្ជួយដីបានកើតចេញពីក្នុងជម្រៅដ៏ជ្រៅមួយ ដូច្នេះវាមិនអាចបង្កជារលកយក្ស ស៊ូណាមិ នោះឡើយ។ សម្រាប់នៅក្នុងរដ្ឋធានីម៉ានីលតែម្តង កម្រិតរំញ័រគឺស្ថិតក្នុងរង្វង់តែ ៤ ទៅ ៥ រ៉ិចទ័រប៉ុណ្ណោះ ដូច្នេះវាក៏មិនអាចបង្កការខូចខាតអ្វីដែរ»។
គួរបញ្ជាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីខាងលើនេះ គឺស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតីនៃខេត្ត បាតាំងហ្គាស (Batangas)។ អ្នកស្ថិតនៅក្បែរៗតំបន់នោះ បានរាយការណ៍ឲ្យដឹងថា ការញ័ររញ្ជួយគឺពិតជាខ្លាំងអស្ចារ្យណាស់ ប៉ុន្តែមិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ពីទំហំនៃការខូចខាត ឬមនុស្សរងគ្រោះដែលអាចកើតមាននោះឡើយ៕