(ញូវយ៉ក)៖ ក្រុមហ៊ុន Pfizer និងដៃគូ BioNTech បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៣ ខែកក្កដានេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០០លានដូសបន្ថែមទៀតពីក្រុមហ៊ុនរបស់ខ្លួន ហើយមានជម្រើសក្នុងការទិញវ៉ាក់សាំងជំនាន់ថ្មី ដែលមានទិសដៅប្រឆាំងនឹងបម្លែងខ្លួនថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ការប្រកាសនេះធ្វើឲ្យចំនួនដូសសរុប ដែលត្រូវផ្គត់ផ្គង់ដល់រដ្ឋាភិបាលអាមេរិកកើនដល់ ៥០០លានដូស ក្នុងនោះប្រមាណ ២០៨លានដូសត្រូវបានដឹកជញ្ជូនទៅដល់រួចហើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន Pfizer និងដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបញ្ជាទិញវ៉ាក់សាំងចំនួន ១០០លានដូសក្នុងទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិកដោយមានជម្រើសក្នុងការទិញចំនួន ៥០០លានដូសបន្ថែមទៀត៕