(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិននៅថ្ងៃសុក្រនេះ បានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចសម្រាប់ព្យុះទីហ្វុង អ៉ីនហ្វា (In-Fa) ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ខេត្តស៉ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន នៅរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយបន្តបោកបក់រហូតដល់ ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។
បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន គិតត្រឹមវេលាម៉ោង ១១៖០០ព្រឹកថ្ងៃសុក្រនេះ ចំនុចកណ្ដាលនៃព្យុះទីហ្វុង In-Fa បានស្ថិតនៅតំបន់ឆ្នេរដែលមានចម្ងាយប្រមាណ ៦៤០គីឡូម៉ែត្រពីភាគអាគ្នេយ៍តំបន់ភ្នំ សុំាងសាន (Xiangshan) នៃខេត្ត Zhejiang។ វាកំពុងធ្វើដំណើរដោយសង្សឹមៗទៅកាន់ភាគពាយព្យ ក្នុងល្បឿន ១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កើនឥទ្ធិពលបន្ថែមទៀត។ ព្យុះទីហ្វុង In-Fa នឹងនាំមកនូវព្យុះភ្លៀងទៅដល់តំបន់នានា រួមមានទីក្រុងសៀងហៃ, ខេត្តស៉ីជាំង និងកោះតៃវ៉ាន់ជាដើម។
គួរបញ្ជាក់ថា ប្រទេសចិនមានកម្រិតប្រកាសអាសន្នអាកាសធាតុ ០៤ពណ៌ ដែលពណ៌ក្រហមតំណាងឱ្យការប្រកាសអាសន្នកម្រិតខ្ពស់បំផុត បន្ទាប់មកមានពណ៌ទឹកក្រូច លឿង និងខៀវ។ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះខេត្ត ហឺណាន ភាគកណ្តាលប្រទេសក៏បានចេញយុទ្ធនាការបោសសម្អាត ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់បានវាយប្រហារ និងសម្លាប់មនុស្ស ៣៣នាក់៕