(ស៉ីដនី)៖ អាជ្ញាធរត្រួតពិនិត្យផ្នែកឱសថរបស់ប្រទេសអូស្រ្តាលី ទើបតែបានអនុញ្ញាត ចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗដែលមានអាយុ ១២-១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) នៅថ្ងៃសុក្រនេះ បានថ្លែងថា ខាងអាជ្ញាធរជំនាញបានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បំផុត ទៅលើភស្តុតាងនៅក្នុងស្រុកផ្ទាល់ និងមកពីអន្តរជាតិ មុនពេលសម្រេចចិត្តពង្រីកការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់មនុស្សស្ថិតក្នុងក្រុមអាយុខាងលើ។
កន្លងមក វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ដើម្បីចាក់តែទៅលើអ្នកមានអាយុ ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ នៅក្នុងប្រទេសអូស្រ្តាលី។ មកទល់ឥឡូវនេះ ប្រជាជនពេញវ័យមិនដល់ ១៥ភាគរយឡើយ ដែលបានចាក់វ៉ាក់សាំងពេញលេញនៅអូស្រ្តាលី ខណៈវីរុស COVID-19 បម្លែងថ្មី Delta កំពុងរាតត្បាតក្នុងរដ្ឋចំនួន ៣ ជាពិសេសនៅទីក្រុងស៊ីដនី។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យក្មេងវ័យជំទង់ក៏ទទួលបានការអនុញ្ញាត ដោយអាជ្ញាធរសុខាភិបាល នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ៕