(ឡូសអាន់ជែលែស)៖ អាជ្ញាធរសុខាភិបាលនៃតំបន់ Los Angeles County របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កាលពីខែមិថុនា កន្លងទៅនេះ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅទីនោះ គឺ២០ភាគរយ សុទ្ធតែជាអ្នកចាក់វ៉ាក់សាំងបានគ្រប់ដូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។
សម្រាប់៨០ភាគរយទៀត គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងទាល់តែសោះ និងអ្នកដែលបានចាក់មិនបានគ្រប់ដូស។ យោងតាមទិន្នន័យផ្លូវការ ក្នុងចំណោមមនុស្សជាង១០លាននាក់ ដែលរស់នៅតំបន់ Los Angeles County គឺ៥២ភាគរយ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស និង៥៩ភាគរយ ចាក់បានយ៉ាងហោច១ដូស។
ទន្ទឹមគ្នានេះ ករណីឆ្លង COVID-19 ប្រចាំថ្ងៃ សម្រាប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានកើនឡើងខ្លាំងផងដែរនៅតំបន់ Los Angeles County គឺដល់ទៅ៨០ភាគរយ បើធៀបទៅនឹងសប្តាហ៍កន្លងមក ចំពោះមុខការរាតត្បាតនៃវីរុសបម្លែងថ្មី Delta។ អាជ្ញាធរបានព្រមានថា វីរុស Delta នេះ ប្រហែលអាចបន្តរាលដាលពាសពេញតំបន់ Los Angeles County ដ្បិតមនុស្សប្រហែល៤លាននាក់ ដែលរស់នៅតំបន់នេះ គឺមិនទាន់ចាក់វ៉ាក់សាំងនៅឡើយ។
គួរបញ្ជាក់ថា មកទល់ឥឡូវ តំបន់ Los Angeles County មានករណីឆ្លង COVID-19 សុរបជិត១.២៨លាននាក់ ក្នុងនោះស្លាប់ជាង ២៤,៦០០នាក់៕