(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខច្រានចោលភ្លាមៗ នូវរបាយការណ៍បរទេសថ្មីមួយដែលអះអាងថា ប្រជាជនឥណ្ឌារហូតដល់ខ្ទង់រាប់លាននាក់ឯណោះ បានបាត់បង់ជីវិតដោយសារជំងឺ COVID-19 មិនមែនតែជិត ៤២០,០០០នាក់ ដូចរបាយការណ៍របស់រដ្ឋាភិបាលនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។
បើតាមការបញ្ជាក់់ពីរដ្ឋាភិបាលឥណ្ឌា ទោះបីជារដ្ឋធំៗមួយចំនួនរបស់ខ្លួន បានចាប់ផ្តើមធ្វើការរាប់ចំនួនអ្នកស្លាប់ ដោយសារតែជំងឺ COVID-19 ជាបណ្តើរៗឡើងវិញ ក្រោយទទួលរងការរិះគន់ និងបទបញ្ជាពីតុលាការថ្នាក់តំបន់ទាំងនោះមែន ក៏តួលេខមនុស្សស្លាប់ជាក់ស្តែង នៅតែមិនច្រើនដូចរបាយការណ៍បរទេស ដែលបានលើកឡើងនោះដែរ។
របាយការណ៍ពីបរទេសនោះ គឺសំដៅទៅលើរបាយការណ៍របស់ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកលរបស់សហរដ្ឋអាមេរិក (USCGD)។ ពួកគេបានគូសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ពិតប្រាកដដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ក្រោយរលកយ៉ាងសន្ធប់បានបោកបក់ខ្លាំងបំផុត នាអំលុងខែមេសា ឆ្នាំ២០២១ បានកើនយ៉ាងហោចណាស់ដល់ ៣.៤លាននាក់ ឬក៏អាចលើសនេះទៀតរហូតដល់ ៤.៧លាននាក់ (៨-១១ដង លើសតួលេខផ្លូវការបច្ចុប្បន្ន)។
គួរបញ្ជាក់ថា បើគិតតែទៅលើចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 នោះ ប្រទេសឥណ្ឌាស្ថិតនៅលេខ ៣ លើពិភពលោក ដោយមានចំនួនអ្នកស្លាប់ជាង ៤១៩,០០០នាក់, ប្រេស៊ីលស្ថិតនៅលេខ ២ មានចំនួនអ្នកស្លាប់ ៥៤៥,០០០នាក់ និងសហរដ្ឋអាមេរិកស្ថិតនៅលេខ ១ មានចំនួនអ្នកស្លាប់ជាង ៦១០,០០០នាក់។
ទោះជាយ៉ាងណា បើគិតទៅលើទំហំផ្ទៃក្រលាប្រទេសទាំងបី និងចំនួនប្រជាជនជាក់ស្តែង គឺឥណ្ឌាមិនត្រឹមតែមានផ្ទៃដីតូច និងប្រជាជនច្រើនលើសអាមេរិក និងប្រេស៊ីលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដង់ស៊ីតេប្រជាជនរស់នៅ យ៉ាងកកកុញបំផុតផងដែរ។ ឧទាហរណ៍ប្រទេសប្រេស៊ីលមានផ្ទៃដី ៨.៥១លានគីឡូម៉ែត្រក្រលា និងប្រជាជនរស់នៅសរុបជាង ២១០លាន ប៉ុន្តែឥណ្ឌាវិញមានប្រជាជនរហូតដល់ជិត ១,៤០០លាននាក់ តែពួកគេរស់នៅលើផ្ទៃដី ៣.២៩លានគីឡូម៉ែត្រក្រលាតែប៉ុណ្ណោះ៕