(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី ៣២ នឹងធ្វើឡើងនៅក្រុងតូក្យូ រដ្ឋធានីប្រទេសជប៉ុននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ រឿងសំខាន់មួយនៃការប្រកួតកីឡាអូឡាំពិកលើកនេះ ដែលគួរឱ្យមនុស្សជាទូទៅយកចិត្តទុកដាក់បំផុត គឺកិច្ចប្រជុំពេញអង្គលើកទី ១៣៨ នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានសម្រេចនៅពេលថ្មីៗកន្លងទៅនេះថា នឹងបន្ថែមពាក្យមួយក្នុងពាក្យស្លោកអូឡាំពិក «កាន់តែរហ័ស កាន់តែខ្ពស់និងកាន់តែខ្លាំងក្លា» គឺ «កាន់តែសាមគ្គីគ្នា»។
ពាក្យស្លោក «កាន់តែរហ័ស កាន់តែខ្ពស់និងកាន់តែខ្លាំងក្លា» គឺបានលើកឡើងដោយលោក Le baron Pierre De Coubertin បិតាអូឡាំពិកសម័យទំនើបនៅពេលបង្កើត គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិកាលពីឆ្នាំ១៨៩៤។ ការបន្ថែម ពាក្យ “កាន់តែសាមគ្គីគ្នា” ក្នុងពាក្យស្លោកអូឡាំពិក គ្មានអ្វីគួរឱ្យសង្ស័យឡើយ វានឹងបំពេញបន្ថែមខ្លឹមសារថ្មីទៅក្នុងស្មារតីអូឡាំពិក ដែលបានបង្ហាញពីបំណងរួមរបស់ប្រជាជនទូទាំងពិភពលោក និងមានអត្ថន័យសំខាន់ចំពោះការយកឈ្នះ លើបញ្ហាប្រឈមគ្រប់បែបយ៉ាងជាសកល។
ឈរលើផ្លូវកែងថ្មី មនុស្សជាតិកាន់តែត្រូវផ្តួចផ្តើមនូវស្មារតីអូឡាំពិកស្តីពីភាពអស្ចារ្យ មិត្តភាព ការគោរពគ្នា និងសាមគ្គីភាពជាងពេលណាៗទាំងអស់ ដែលត្រូវលុបបំបាត់ចោលឧបសគ្គ និងការប៉ះទង្គិចគ្រប់បែបយ៉ាង តាមរយៈសកម្មភាពកីឡា ដើម្បីលើកទឹកចិត្តប្រជាជនទូទាំងពិភពលោក កាន់តែសាមគ្គីគ្នា។ តាមការពិត ពេលកីឡាករនិងកីឡាការិនីដែលមកពីប្រទេស និងវប្បធម៌ទីទៃគ្នាពុះពារឧបសគ្គ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ទៅដល់ក្រុងតូក្យូការប្រកួតកីឡាអូឡាំពិក ទើបអាចសម្រេចបាននូវអត្ថន័យសំខាន់បំផុតរបស់ខ្លួន ពោលគឺ “ធ្វើឱ្យទូទាំងពិភពលោកជួបជុំជាមួយគ្នា”។
អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺការបន្ថែមពាក្យ “កាន់តែសាមគ្គីគ្នា” ក្នុងពាក្យស្លោកអូឡាំពិក វានឹងផ្តល់ក្តីអង់អាចក្លាហាន និងកម្លាំងដល់មនុស្សជាតិ ដើម្បីយកឈ្នះលើបញ្ហាប្រឈមជាច្រើននៅពេលអនាគត។ ការបំពេញបន្ថែមពាក្យស្លោកអូឡាំពិក គឺបានដាស់តឿនមនុស្សជាទូទៅថា ការប្រកួតប្រជែងក្នុងសង្គមមនុស្សជាតិ មិនមែនជាការប្រុយុទ្ធស្លាប់ និងរស់នោះទេ តែគឺជាការរួមសុខរួមទុក្ខរួមជោគវាសនា។ ហើយប្រការនេះបានប្រាប់មនុស្សទាំងឡាយថា មិនថាការគាំពារសន្តិសុខសុខាភិបាលសាធារណៈ ឬក៏ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុក៏ដោយ ក៏សាមគ្គីភាពសុទ្ធតែជាអាវុធ ដែលមានកម្លាំងដ៏ខ្លាំងក្លាបំផុត។
គួរឱ្យបញ្ជាក់ថា ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ប្រទេសចិនបានចាត់បញ្ជូនគណៈប្រតិភូកីឡាធំបំផុត ក្នុងប្រវត្តិសាស្ត្រឱ្យចូលរួមការប្រកួតកីឡា នៅក្រៅដែនប្រទេសចិន ព្រមទាំងបានអនុវត្តគោលនយោបាយបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងបំផុត។ ប្រការនេះបង្ហាញថា ភាគីចិនបានអនុវត្តតាមពាក្យស្លោកអូឡាំពិកថ្មីបំផុត តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន និងរួមចំណែកថ្មីបំផុតក្នុងការជំរុញសាមគ្គីភាពសកល និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម។ មានតែប្រទេសនានាសុទ្ធតែយល់ដឹងថា “ពួកយើងជាសហគមន៍រួម ដែលមិនអាចពុះបំបែកបាន” នោះ ពិភពលោកទើបអាចមានវិបុលភាពរួមយូរអង្វែង នេះហើយក៏ជាតម្លៃជាស្នូល នៃពាក្យស្លោកអូឡាំពិកថ្មីហ្នឹងឯង៕ (#CCFR Comment#)