(វ៉ាស៊ីនតោន)៖ ក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងធ្វើការពិចារណាលើការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

បើតាមទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC ការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមាន ប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេឱ្យកាន់តែរឹងមាំ។ ប៉ុន្តែ ការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរ ចាក់វ៉ាក់សាំងបន្ថែម មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន អ៉ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ស្របពេលក្រុមអ្នកជំនាញយល់ថាការចាក់វ៉ាក់សាំង បន្ថែមនេះអាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ។ អង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសអ្នកមាន កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន ដ្បិតបណ្ដាប្រទេសដទៃជាច្រើននៅជុំវិញពិភពលោកមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕