(ប៉ារីស)៖ ប្រទេសហុងគ្រី អ៉ីស្រាអែល និងអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកម្មវិធីស៊ើបការណ៍សម្ងាត់ផលិត ដោយក្រុមហ៊ុនអ៉ីស្រាអែលត្រូវបានគេប្រើប្រាស់ដើម្បីប្រមូលព័ត៌មាន និងតាមដានអ្នកសារព័ត៌មាន, សកម្មជនសិទ្ធិមនុស្ស ព្រមទាំងប្រមុខរដ្ឋចំនួន១៤នាក់ ក្នុងនោះ
រួមមានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។
លោក ម៉ាក្រុង ដែលស្ថិតក្នុងបញ្ជីឈ្មោះប្រមុខរដ្ឋដែលត្រូវបានគេស៊ើបការណ៍ដែរនោះបានបញ្ជាឱ្យមានការពង្រឹងសន្តិសុខឡើងវិញ ហើយលោកផ្ទាល់ក៏បានប្ដូរទូរស័ព្ទ និងលេខទូរស័ព្ទថ្មីផងដែរដោយសារបារម្ភខ្លាចត្រូវបានគេលួចតាមដាន ខណៈហុងគ្រី អ៉ីស្រាអែល និងអាល់ហ្សេរីកំពុងធ្វើការស៊ើបអង្កេត។ ការសម្រេចចិត្តរបស់លោក ម៉ាក្រុង ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាការពារជាតិបារាំង។
គួរបញ្ជាក់ថា កម្មវិធី Pegasus ផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល NSO ត្រូវបានគេរាយការណ៍ថាអាចបញ្ជាលើកាមេរ៉ាទូរស័ព្ទដៃ ឬ microphone ដើម្បីប្រមូលព័ត៌មាន ក៏ដូចជាតាមដានលើអ្នកប្រើប្រាស់ទូរស័ព្ទដៃ ហើយបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន Washington Post, the Guardian និងកាសែតបារាំង ឡឺម៉ង់ (Le Monde) មនុស្សប្រហែល ៥០,០០០នាក់ នៅតាមប្រទេសជាច្រើនបានស្ថិតនៅក្រោមគោលដៅនៃការស៊ើបការណ៍សម្ងាត់ដោយកម្មវិធីមួយនេះ រាប់ចាប់ពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក រហូតដល់ឥណ្ឌាជាដើម៕