(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសមួយចំនួន ជាពិសេសគឺសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស ជាបន្តបន្ទាប់ដោយបង្កឱ្យមានការព្រួយបារម្ភ និងការសង្ស័យពីប្រសិទ្ធភាពវ៉ាក់សាំងចំពោះមុខ ការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta។

ក្រុមអ្នកជំនាញភាគច្រើនបាននិយាយថាករណីឆ្លងបែបនេះ ជារឿងកម្រនឹងកើតឡើងណាស់ ហើយវ៉ាក់សាំងនៅតែជាខែលការពារដ៏ល្អ បើទោះជាមិនអាចការពារ យើងបាន១០០ភាគរយ ក៏ដោយ។ ក៏ប៉ុន្តែ ការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងពេញលេញ ក៏បានរំលឹកយើងទាំងអស់គ្នា ផងដែរថាដរាបណា ជំងឺដ៏កាចសាហាវមួយនេះនៅតែបន្តឆ្លងរាលដាលនៅក្នុងសហគមន៍ នោះមនុស្សគ្រប់រូបនឹងនៅតែស្ថិតនៅក្រោមគ្រោះថ្នាក់។

*ហេតុអ្វីអ្នកចាក់វ៉ាក់សាំងពេញលេញនៅតែអាចឆ្លង COVID-19?

ជាទូទៅ COVID-19 ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឬធ្វើតេស្ដឃើញវិជ្ជមាន នៅពេលដែលការឆ្លងលេចចេញជារោគសញ្ញាដូចជាគ្រុនក្ដៅ ឬក្អកតែប៉ុណ្ណោះ។ តែមានករណី ឆ្លងមិនមានរោគសញ្ញាក៏អាចកើតមានលើមនុស្សមួយចំនួនដែរ។ ពិតមែនទៅ ទោះជាវ៉ាក់សាំងអាចជួយបង្កើតប្រព័ន្ធសុំារឹងមាំប្រឆាំងនឹងការឆ្លងក៏ដោយ តែវាមិនអាច ការពារ ឬបង្ការបាន ១០០ភាគរយនោះទេ ដែលនេះមានន័យថាអ្នកចាក់វ៉ាក់សាំងមិនថាដូសទី១ ឬគ្រប់ដូស នៅតែអាចឆ្លង និងចម្លង COVID-19 ដល់អ្នកដទៃ ដដែល។ ល្គឹកណា វីរុស SARS-CoV-2 បង្កជំងឺ COVID-19 បន្តរាលដាលនៅក្នុងសហគមន៍ នោះឱកាសឆ្លងក៏ស្ថិតនៅកម្រិតខ្ពស់ដែរ ហើយពេលខ្លះវាថែមទាំងអាច ទម្លុះខែលការពាររបស់អ្នកចាក់វ៉ាក់សាំង ឬអ្នកធ្លាប់ឆ្លងម្ដងហើយទៀតផង។ នៅក្នុងករណីដ៏កម្រ ការឆ្លងបែបនេះក៏អាចឆក់យកជីវិតមនុស្សដែរ។

*ហេតុអ្វីមានករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងពេញលេញ?

វាមានកត្តាសំខាន់បីយ៉ាង នោះគឺ វីរុស, វ៉ាក់សាំង និងធម្មជាតិនៃមនុស្សម្នាក់ៗ។

-កតា្តវីរុស៖ វីរុស COVID-19 នៅតែបន្តបំប្លែងខ្លួន ដោយបង្កើតជាវីរុសបម្លែងថ្មីជាច្រើនដូចជាវីរុសបម្លែងថ្មី Delta ជាដើមដែលកំពុងបង្កឱ្យមានការព្រួយបារម្ភថាវាមាន សមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស និងអាចសម្របខ្លួន ឬក៏ទម្លុះខែលការពារនៃប្រព័ន្ធលើអ្នកចាក់វ៉ាក់សាំង និងអ្នកធ្លាប់ឆ្លងម្ដងរួចហើយ។ វីរុសម្លែងថ្មីមានកាន់ តែច្រើន ការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក៏កាន់តែពិបាកតាមហ្នឹង ព្រោះវីរុសបម្លែងថ្មីជួនកាលវាអាចបំផ្លាញ ឬកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងដែល មានស្រាប់ក្នុងពេលបច្ចុប្បន្ន។

-កត្តាវ៉ាក់សាំង៖ ទិន្នន័យសព្វថ្ងៃ បង្ហាញថាវ៉ាក់សាំង COVID-19 ភាគច្រើនដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ សុទ្ធតែមានប្រសិទ្ធភាពខ្ពស់ការពារកុំឱ្យមនុស្ស ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬកាត់បន្ថយហានិភ័យស្លាប់។ វ៉ាក់សាំងទាំងនោះដូចជា វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer ត្រូវបានគេ រាយការណ៍ថាមានប្រសិទ្ធភាពខ្ពស់ តែមិនមែនល្អឥតខ្ចោះ១០០ភាគរយនោះទេ។ បើតាមក្រុមអ្នកជំនាញ ដើម្បីបង្កើតប្រព័ន្ធភាពសុំារឹងមាំ មនុស្សម្នាក់ត្រូវតម្រូវឱ្យ ចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវការពេលវេលាពី ២ ទៅ១២សប្ដាហ៍ ឬអាចច្រើនជាងនេះអាស្រ័យទៅលើប្រភេទ និងគុណភាពនៃវ៉ាក់សាំងនីមួយៗក្នុងការបង្កើតប្រព័ន្ធសុំា ក្រោយការចាក់ដូសទី២។ បន្ថែមពីលើនេះ វាក៏អាចទៅដែរថាប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានបំផ្លាញ ឬកាត់បន្ថយដោយសារបញ្ហាមួយចំនួនក្នុងការផលិត ឬការស្តុកទុកមិនត្រឹមត្រូវតាមស្ដង់ដារ។

-កត្តាធម្មជាតិនៃមនុស្ស៖ ទោះបីជាវ៉ាក់សាំងនោះមានប្រសិទ្ធភាពខ្ពស់ប៉ុនណាក៏ដោយ តែវាមិនប្រាកដថាអាចបង្កើតប្រព័ន្ធភាពរឹងមាំលើមនុស្សគ្រប់រូបបាន នោះឡើយ។ បុគ្គលមួយចំនួនត្រូវបានគេរកឃើញថាមិនឆ្លើយតបទៅនឹងវ៉ាក់សាំង ដែលមានន័យថាពួកគេមិនអាចផលិតអង់ទីករគ្រប់គ្រាន់ប្រឆាំងនឹងវីរុសនោះទេ។ ករណីបែបនេះ អាចកើតមានលើមនុស្សមានវ័យចំណាស់ និងមនុស្សមានប្រព័ន្ធភាពសុំាទន់ខ្សោយពីកំណើត។

*តើករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងពេញលេញមានច្រើនដល់កម្រិតណា?

មកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យទូលំទូលាយនៅឡើយទេ។ នៅឯសហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញចំនួន ១០,៦២៦ករណី ត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ក្នុងរយៈពេល៤ខែ រហូតដល់ខែមេសា ឆ្នាំ២០២១ ជាពេលដែល ប្រជាជនអាមេរិកជិត ១៣៣លាននាក់បានទទួលការចាក់វ៉ាក់សាំង។ នេះមានន័យថា មនុស្ស ១ម្នាក់ក្នុងចំណោម ១០,០០០នាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសឆ្លង COVID-19។ ការសិក្សាមួយនៅឯពន្ធនាគារក្នុងរដ្ឋ Rhode Island ជាទីដែលអ្នកទោស និងឆ្មាំពន្ធនាគារទទួលការធ្វើតេស្ដជារៀងរាល់សប្ដាហ៍ បានរកឃើញថាមនុស្ស ២៧នាក់ ក្នុងចំណោមមនុស្ស ២,៣៨០នាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញបានឆ្លង COVID-19 នៅចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

*តើអ្នកដឹងអ្វីខ្លះពីករណីឆ្លងទាំងនេះ?

ភស្ដុតាងជាច្រើនបានបង្ហាញថាអ្នកដែលចាក់វ៉ាក់សាំងពេញលេញ មានហានិភ័យឆ្លង និងស្លាប់ទាបជាងអ្នកមិនបានចាក់វ៉ាក់សាំង។ គិតចាប់តាំងពីខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដានេះ CDC របស់សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូសចំនួន ៣,៧៣៣នាក់ និងស្លាប់ ៧៩១នាក់។ ចំណែកឯ ៩៧ភាគរយនៃអ្នកដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។ បើតាមនាយក CDC លោកស្រី Rochelle Walensky ៤៤ភាគរយនៃប្រជាជនអាមេរិកសរុបនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។

*តើករណីឆ្លងបែបនេះមាននៅកន្លែងផ្សេងទៀតទេ?

នៅប្រទេសអ៉ីស្រាអែលដែលសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេជូនប្រជាជនរបស់ខ្លួន ដោយប្រើប្រាស់វ៉ាក់សាំងអាមេរិក Pfizer បានរាយការណ៍ ពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសចំនួន ៤០០នាក់ គិតត្រឹមចុងខែមេសាកន្លងទៅ ហើយក្នុងចំណោម អ្នកទាំងនេះដែរមាន ២៣៤នាក់ធ្លាក់ខ្លួនឈឺធ្ងន់ និង៩០នាក់បានស្លាប់។ ក្រោយត្រួតពិនិត្យឡើងវិញលើករណីឆ្លងទាំងនេះ អាជ្ញាធរសុខាភិបាលអ៉ីស្រាអែល បានរកឃើញអ្នកដែលស្លាប់ភាគច្រើនជាអ្នកដែលមានជំងឺប្រចាំាកាយស្រាប់ ដូចជាសម្ពាធឡើងខ្ពស់, ទឹកនោមផ្អែម និងជំងឺខ្សោយបេះដូង ព្រមទាំងលក្ខខណ្ឌ វេជ្ជសាស្ត្រមួយចំនួនដែលធ្វើឱ្យប្រព័ន្ធភាពសុំារបស់ពួកគេចុះខ្សោយជាដើម។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានលើកឡើងថាវ៉ាក់សាំង COVID-19 មិនអាចការពារមនុស្សពីការឆ្លង COVID-19 បាន១០០ភាគរយនោះទេ ប៉ុន្តែ វ៉ាក់សាំងអាចជួយកាត់បន្ថយហានិភ័យស្លាប់ និងបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ក្រុមអ្នកជំនាញជាច្រើនក៏បានជំរុញការចាក់វ៉ាក់សាំងផងដែរ ក្នុងគោលបំណងបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ ព្រមទាំងទប់ស្កាត់កុំឱ្យវីរុសបម្លែងថ្មីកើតមានឡើង តទៅទៀត៕

ប្រភព៖ Bloomberg (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១)