(ប៉េកាំង)៖ ប្រទេសចិនរំពឹងថា អង្គការសុខភាពពិភពលោក (WHO) នឹងចាត់ទុកការស្វែងរកប្រភពដើមនៃវីរុស COVID-19 ជាកិច្ចការផ្នែកវិទ្យាសាស្រ្ត ដោយមិនលាយឡំជាមួយនយោបាយ ក៏ដូចជាលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ ពីប្រភពដើមនៃវីរុសមួយនេះនៅបណ្ដាប្រទេស និងតំបន់ជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក។
នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៃគណៈកម្មការជាតិសុខាភិបាលចិន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ អនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន លោក ហ្សេង យីស៊ីន (Zeng Yixin) បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលត្រូវបានរកឃើញ នៅក្នុងការសិក្សាស្វែងរកពីប្រភពដើម នាពេលកន្លងមកក្នុងទីក្រុងវូហាន បានបង្ហាញយ៉ាងច្បាស់ថា វីរុស COVID-19 មានប្រភពដើមមកពីសត្វ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ... ហើយអ្វីដែលគួរធ្វើបន្ទាប់នោះ គឺការសិក្សាស្វែងរកពីប្រភពដើមនៃវីរុសមួយនេះ នៅបណ្ដាប្រទេស និងតំបន់ជាច្រើនទៀត ឈរលើមូលដ្ឋាននៃការប្រឹក្សាយោបល់ពីរដ្ឋជាសមាជិក WHO»។
គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងរវាងចិន និង WHO កាលពីខែកក្កដា ឆ្នាំ២០២០ ក្រុមការងារ WHO រួមជាមួយអ្នកជំនាញអន្តរជាតិបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃទី១៤ ខែមករា។ ក្រុមអ្នកជំនាញទាំងនេះ រួមជាមួយអ្នកជំនាញចិនបានចេញផ្សាយរបាយការណ៍ ស្ដីពីការស៊ើបអង្កេតរបស់ខ្លួនជាមួយការសន្និដ្ឋានថា វីរុស COVID-19 គឺចម្លងពីសត្វទៅមនុស្ស មិនមែនលេចធ្លាយចេញពីមន្ទីរពិសោធន៍ឡើយ៕