(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខប្រតិកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្តែងការគាំទ្រចំពោះអូស្រ្តាលី នៅក្នុងបញ្ហាវិវាទពាណិជ្ជកម្មរវាងចិន និងទីក្រុងកង់បេរ៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែកែតម្រូវកំហុសឆ្គងរបស់ខ្លួន ជាជាងធ្វើការបញ្ចេញយោបល់ ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ លោក Zhao បានសង្កត់ធ្ងន់ថា ការអត្ថាធិប្បាយរបស់ទីក្រុងវ៉ាស៉ីនតោន ជុំវិញបញ្ហាវិវាទពាណិជ្ជកម្មរវាងចិន និងអូស្រ្តាលី «គឺខុសទាំងស្រុង»។
លោក ចាវ លីចៀន បានគូសបញ្ជាក់ទៀតថា «ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺបង្កឡើងដោយសារតែការជ្រៀតជ្រែករបស់អូស្រ្តាលី មកលើកិច្ចការផ្ទៃក្នុងរបស់ចិន»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ កំលុងជំនួបជាមួយសមភាគីអូស្រ្តាលី តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខេធើរីន តៃ (Katherine Tai) បានថ្លែងថា សហរដ្ឋអាមេរិកកំពុងតានដានជាប់លើភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងប្រទេសអូស្រ្តាលី និងប្រទេសចិន ហើយអាមេរិកនឹងគាំទ្រអូស្រ្តាលី ក្នុងការដោះស្រាយបញ្ហានេះ៕