(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រមូលគ្នីគ្នាសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន ដើម្បីចេញផ្សាយសេចក្តីថ្លែងការណ៍ដោយមួលបង្កាច់យ៉ាងកម្រោលថា ប្រទេសចិនបាន "ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណេត"។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏បានចោទប្តឹងបុគ្គលិកជនជាតិចិនចំនួន ៤ នាក់ដោយយកអ្វីដែលហៅថា "ការលួចយកការសម្ងាត់ តាមបណ្តាញអ៊ីនធឺណេតធ្វើជាលេស"។ តាមពិតទៅ ការចោទប្រកាន់ចំពោះប្រទេសចិនទាំងនេះ គឺ គ្មានហេតុផល និងនិយាយប្រែសជាខ្មៅទាល់តែសោះ វាគ្រាន់តែជាកលល្បិចនយោបាយ ដែលចោរស្រែកចាប់ចោរប៉ុណ្ណោះ។
ក្នុងរយៈពេលជាយូរណាស់មកហើយ ក្នុងវិស័យសន្តិសុខលើបណ្តាញអ៊ីនធឺណេត ដោយពឹងផ្អែកលើឧត្តមភាពផែ្នកបច្ចេកវិទ្យាផ្ទាល់ខ្លួន អាមេរិកបានអនុវត្តយ៉ាងកម្រោលនូវការលួចស្តាប់ និងលួចយកការសម្ងាត់ក្នុងទ្រង់ទ្រាយធំនៅលើពិភពលោក ហើយបានលួចយកដោយខុសច្បាប់នូវការណ៍សម្ងាត់រសើប និងព័ត៌មានឯកជនរបស់ប្រជាពលរដ្ឋនៃប្រទេសដទៃទៀត។ មិនថា ព្រឹត្តិការណ៍ "PRISM" ឬក៏រឿងអាស្រូវស្តីពី "អាមេរិកលួចស្តាប់សម្ព័ន្ធមិត្ត" ដែលត្រូវបានលាតត្រដាងដោយប្រព័ន្ធសារព័ត៌មាន នៃប្រទេសដាណឺម៉ាកក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មានក្តី សុទ្ធតែធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងយ៉ាងច្បាស់ថា អាមេរិកទើបជាអ្នកបំផ្លាញដ៏ធំបំផុតដល់សន្តិសុខលើបណ្តាញអ៊ីនធឺណេត នៅទូទាំងពិភពលោកហ្នឹងឯង។
ក្រុមហ៊ុនសន្តិសុខលើបណ្តាញអ៊ីនធឺណេតដ៏ល្បីឈ្មោះមួយរបស់ប្រទេសចិនបានចង្អុលបង្ហាញក្នុងរបាយការណ៍ថា អង្គការអេភីធី-ស៊ី-៣៩ ដែលជាអង្គការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតរបស់អង្គការ CIA អាមេរិកធ្លាប់ជ្រាបចូលនិងវាយប្រហារតាមបណ្តាញអ៊ីនធឺណេតអស់រយៈពេល ១១ ឆ្នាំចំពោះស្ថាប័នសិក្សាស្រាវជ្រាវអាកាសចរណ៍ និងអវកាស ឧស្សាហកម្មប្រេងកាត ក្រុមហ៊ុនបណ្តាញអ៊ីនធឺណេតធំៗរបស់ប្រទេសចិន និងបណ្តាញអ៊ីនធឺណេតនៃស្ថាប័នរដ្ឋាភិបាលចិនជាដើម ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសចិន។
ប្រការដែលគួរឱ្យប្រុងប្រយ័ត្នទៀតគឺ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការណាតូដែលដឹកនាំដោយអាមេរិកបានចាត់ទុកយ៉ាងច្បាស់ថា បណ្តាញអ៊ីនធឺណេតជាសមរភូមិថ្មី ហើយបានជំរុញជាបន្តបន្ទាប់នូវការដាក់ពង្រាយ ការប្រយុទ្ធយោធាតាមបណ្តាញអ៊ីនធឺណេត។ ប្រការនេះបានបង្កើនហានិភ័យនៃការកើតមានជម្លោះ និងការប៉ះទង្គិចតាមបណ្តាញអ៊ីនធឺណេតរវាងប្រទេស និងប្រទេស ព្រមទាំងបានបង្កជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោកផងដែរ។
ប្រទេសចិនបានលើកឡើងជាផ្លូវការនូវ «គំនិតផ្តួចផ្តើមស្តីពីសនិ្តសុខទិន្នន័យជាសកល» កាលពីឆ្នាំ ២០២០ ដោយផ្តួចផ្តើមការបង្កើតក្បួនច្បាប់អភិបាលកិច្ចក្នុងលំហបណ្តាញអ៊ីនធឺណេតប្រកបដោយសន្តិភាព សន្តិសុខ ភាពបើកទូលាយ កិច្ចសហប្រតិបត្តិការ និងមានរបៀបរៀបរយ ដែលទទួលបានការឆ្លើយតបយ៉ាងសកម្ម ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែប្រទេសលោកខាងលិច បែរជាមានភាពព្រងើយកន្តើយចំពោះការនេះ។ មូលហេតុមិនសូវពិបាកយល់ទេ ដោយសារពួកគេព្រួយបារម្ភបាត់បង់ឋានៈអនុត្តរភាពរបស់ខ្លួន លើបណ្តាញអ៊ីនធឺណេត។
សហរដ្ឋអាមេរិកបានប្រមូលគ្នីគ្នាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីប្រឌិតពាក្យភូតកុហកអ្វីដែលហៅថា "ពួក Hacker ចិន" ប៉ុន្តែពាក្យភូតកុហកនេះនឹងធ្វើឱ្យពិភពលោក ឃើញច្បាស់ថែមមួយកម្រិតទៀតថា តើពួកគេបានប្រើកលល្បិចគ្រប់បែបយ៉ាងដូចម្តេច ដើម្បីរក្សានិងពង្រឹងឋានៈអនុត្តរភាពរបស់ខ្លួន លើបណ្តាញអ៊ីនធឺណេត ក៏ដូចជាបានប្រព្រឹត្តិអំពើអាក្រក់យ៉ាងដូចម្តេច៕ (#CCFRComment#)