(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៦៥៥ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ៨៧នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣,១១០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ៥៤៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៥៣,១៣២ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦៩៧នាក់ និងអ្នកជាសះស្បើយ ៣១២,៣៧៧នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលថៃបានសុំអភ័យទោស ចំពោះភាពយឺតយ៉ាវរបស់ខ្លួន ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ស្ថិតនៅចំពោះមុខការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។
ថៃបានសន្យាទៀតថា ខ្លួននឹងសហការជាមួយកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលគាំទ្រដោយ UN ដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឆ្នាំ២០២២។ គិតត្រឹមដើមសប្តាហ៍នេះ ថៃសម្រេចបានការចាក់វ៉ាក់សាំង ១៤.៨លានដូស ក្នុងនោះប្រជាជន ៣.៥១លាននាក់ (៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕