(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសុខាភិបាលរបស់ចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការតក់ស្លុតចំពោះផែនការ ស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
លោក ហ្សេង យីស៊ីន (Zeng Yixin) មន្ត្រីជាន់ខ្ពស់នៃ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបង្ហាញអារម្មណ៍ដូចខាងលើនេះ ដោយច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍។
លោក ហ្សេង បានគូសបញ្ជាក់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន (Wuhan) គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណា ជាលើកទីពីរតាមរបៀបនេះឡើយ៕