(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យអាជ្ញាធរថ្នាក់តំបន់ នៅទូទាំងប្រទេស ធ្វើការកែលម្អជាបន្ទាន់នូវវិធានការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ជាពិសេសនៅតាមស្ថានីយរថភ្លើងក្រោមដី បន្ទាប់ពីមនុស្សជាច្រើននាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ជន់លិចស្ថានីយរថភ្លើងក្រោមដីមួយកន្លែង បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបន្តវាយប្រហារភាគកណ្ដាលនៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងដឹកជញ្ជូនចិនបានគូសបញ្ជាក់ដូច្នេះថា «ពួកគេត្រូវតែចាត់វិធានការបន្ទាន់
ក្នុងនោះរួមមានការផ្អាកចរាចរណ៍រថភ្លើង, ការជម្លៀសអ្នកដំណើរ និងបិទស្ថានីយរថភ្លើងជាបណ្ដោះអាសន្ន នៅពេលប្រឈមមុខនឹងស្ថាការណ៍គ្រោះថ្នាក់ ដូចជាខ្យល់ព្យុះជាដើម»។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ២៥នាក់ហើយ នៅក្នុងខេត្ត ហឺណាន (Henan) ភាគកណ្ដាលប្រទេសចិន ហើយក្នុងចំណោមជនរងគ្រោះទាំងនេះមាន ១២នាក់ ស្លាប់ដោយសារទឹកជន់លិចស្ថានីយរថភ្លើងក្រោមដី នៅក្នុងទីក្រុង ចឹងចូវ (Zhengzhou)៕