(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៦,៥២៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,១៤៦,៤៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៥,៨០៨នាក់ និងជាសះស្បើយឡើងសរុប ២៩.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេលជាច្រើនសប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៦.៤៧លាននាក់ (៥៦.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦១.៦៣លាននាក់ (៤៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕