(ហុងកុង)៖ ប៉ូលិសហុងកុង កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានចោទប្រកាន់អតីតបុគ្គលិកជាន់ខ្ពស់ចំនួន ០៤នាក់នៃកាសែត Apple Daily ដែលបានបិទទ្វារហើយនោះ ពីបទរំលោភច្បាប់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប៉ូលិសហុងកុង បានគូសបញ្ជាក់ថា ពួកគេបានធ្វើការចោទប្រកាន់ជាផ្លូវការទៅលើអតីតបុគ្គលិកចំនួន ០៤នាក់នៃកាសែត Apple Daily ដែលមានអាយុចន្លោះពី ៥១ឆ្នាំទៅ ៥៧ឆ្នាំពីបទ «គប់គិតជាមួយកម្លាំងបរទេស» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ពួកគេនឹងត្រូវនាំខ្លួន ទៅកាន់តុលាការ ដើម្បីបើកសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្នុងចំណោមពួកគេទាំង ០៤នាក់ខាងលើ មានលោកស្រី Chan អាយុ ៥១ឆ្នាំ ជាអ្នកដែលស្ថិតក្នុងចំណោមនាយកប្រតិបត្តិចំនួន ០៥នាក់ដែលត្រូវបានចាប់ខ្លួន កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ បន្ទាប់ពីប៉ូលិសរាប់រយនាក់ បានវាយឆ្មក់ចូលក្នុងបន្ទប់ព័ត៌មានរបស់កាសែត។ លោក Yeung អាយុ ៥៥ឆ្នាំ ជាអ្នកសរសេរអត្ថបទវិចារណកថា ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិស។
លោក Lam អាយុ ៥១ឆ្នាំ ជាអ្នកមើលការខុសត្រូវលើអត្ថបទចុងក្រោយ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ០១ខែក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់លើទីក្រុងហុងកុងកាលពីឆ្នាំមុន បន្ទាប់ពីមានការតវ៉ាបែបលទ្ធិប្រជាធិបតេយ្យដ៏ធំមួយ។
លោក Fung អាយុ ៥៧ឆ្នាំ ក៏ជាអ្នកសរសេរបទវិចារណកថាសម្រាប់គេហទំព័រអង់គ្លេសរបស់កាសែត Apple Daily ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន ទីក្រុងហុងកុង ខណៈដែលលោកព្យាយាមចាកចេញពីទីក្រុងតែ ០២-០៣ថ្ងៃបន្ទាប់ពីការបិទក្រដាសប្រកាសចាប់ខ្លួន។
គួរបញ្ជាក់ថា កាសែត Apple Daily ជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង ត្រូវបានបិទទ្វារ បន្ទាប់ពីប៉ូលិសហុងកុងរាប់រយនាក់ បានចុះបង្រ្កាបទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ និងបានបង្កកគណនីធនាគាររបស់កាសែតមួយនេះ ដែលមានទឹកប្រាក់ប្រហែល ១៨លានដុល្លារហុងកុង ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ៕