(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចេញពីទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្តាហ៍នេះថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោក នៅប៉ុន្មានខែទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន ១២៤ រួចទៅហើយ (កើនឡើងចំនួន ១៣ បន្ថែមទៀតបើធៀបនឹងសប្តាហ៍មុន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
បើតាម WHO ពេលនេះប្រទេសធំៗក៏កំពុងតែរាយការណ៍ អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស ២ ភាគ ៣ នៃករណីឆ្លងថ្មីៗ។ Delta គឺជាវីរុស COVID-19 បម្លែងថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។
គួរបញ្ជាក់តាម WHO ទៀតថា វីរុសបម្លែងថ្មី Delta នឹងក្លាយជាវីរុសរាតត្បាត ពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ។ ដោយឡែកវីរុសបម្លែងថ្មីបីទៀត គឺ Alpha (ប្រភពដើមនៅអង់គ្លេស) ត្រូវបានបានរកឃើញនៅ ១៨០ប្រទេស-ដែនដី, Beta (ប្រភពដើមនៅអាហ្វ្រិកខាងត្បូង) ត្រូវបានរកឃើញនៅ ១៣០ប្រទេស-ដែនដី និង Gamma (ប្រភពដើមនៅប្រេស៊ីល) ត្រូវបានរកឃើញនៅ ៧៨ប្រទេស-ដែនដី។
នៅថ្ងៃពុធដដែលនោះ អគ្គនាយក WHO លោក ថេដ្រូស អាដាណម បានលើកឡើងយ៉ាងដូច្នេះថា «មនុស្សលោកយើងនេះនឹងអាចមើលឃើញ វីរុស COVID-19 បម្លែងថ្មីទៀត ដែលសាហាវជាងវីរុស Delta នាពេលបច្ចុប្បន្ននេះទៅទៀត ព្រោះនៅពេលវីរុសរាតត្បាតកាន់តែច្រើន នោះការបម្លែងខ្លួនថ្មីៗរបស់វា ក៏នឹងមានឱកាសលេចឡើងដូចគ្នា ហើយវានឹងកាន់តែសាហាវជាងវីរុស Delta ដែលកំពុងបង្កក្តីអន្តរាយនាពេលបច្ចុប្បន្ននេះទៅទៀត... ហើយនៅពេលដែលមាន វីរុសបម្លែងថ្មីៗកាន់តែច្រើន នោះវានឹងអាចមានឱកាសយកឈ្នះលើវ៉ាក់សាំង ហើយរុញច្រានយើងទៅកាន់ផ្លូវទាល់មួយជាក់ជាមិនខាន...»៕