(បាងកក)៖ សារព័ត៌មាន the Thaiger នៅថ្ងៃពុធ ទី២១ ខែកក្ដដា ឆ្នាំ២០២១នេះបានចុះផ្សាយថា ស្ត្រីគ្រូបបង្រៀនជនជាតិថៃម្នាក់វ័យ ៣៩ឆ្នាំបានស្លាប់បាត់បង់ជីវីត ក្រោយបានចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១ គឺវ៉ាក់សាំង Sinovac របស់ចិន។
ប្រសិនបើនេះជាការពិត នោះវាជាករណីស្លាប់ដំបូងបំផុត ចាប់តាំងពីអាជ្ញាធរថៃអនុវត្តគោលការណ៍វ៉ាក់សាំងលាយគ្នា។
បើតាមការរៀបរាប់បុរសជាស្វាមី ដែលបានចាក់វ៉ាក់សាំងដូចគ្នាដែរនោះថា ពួកគេមានអាការៈឈឺក្បាល និងក្តៅខ្លួនបន្តិចបន្តួចក្រោយពីបានចាក់វ៉ាក់សាំងរួចភ្លាម។ នោះដល់ពេលល្ងាចស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការៈចង់ក្អួតចង្កោរខុសប្លែកពីធម្មតា ដោយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ។
ទោះជាយ៉ាងណា អ្វីទាំងនេះត្រូវការស៊ើបអង្កេតបន្ថែមទៀត ខណៈស្រីជាគ្រូបង្រៀនដែលបានស្លាប់រូបនោះ មានជំងឺប្រចាំកាយស្រាប់គឺលើសឈាម។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានចេញគោលការណ៍ចាក់វ៉ាក់សាំងថ្មី ដោយតម្រូវឲ្យអ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី១ នឹងត្រូវចាក់ AstraZeneca នៅដូសទី២។ គោលការណ៍ថ្មីនេះអាជ្ញាធរជឿជាក់ថា នឹងមានប្រសិទ្ធភាពកាន់ខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលក្នុងប្រទេសថៃ៕