(ម៉ូស្គូ)៖ រុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការផ្គង់ផ្គង់បរិក្ខាយោធា ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Interfax ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីលោក Alexander Mikheev ដែលជាប្រធានក្រុមហ៊ុនផលិតអាវុធដ៏ធំ របស់រុស្ស៊ី Rosoboronexport។ លោក Mikheev បានបន្ថែមថាមីយ៉ាម៉ាគឺជាអតិថិជនដ៏សំខាន់របស់ក្រុមហ៊ុន Rosoboronexport នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec ផងដែរ។ ប៉ុន្តែ លោក Mikheev មិនបានបញ្ជាក់អ្វីបន្ថែមលើសពីនេះទេ។
គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីង អោង ហ្លេង ក្នុងទីក្រុងម៉ូស្គូកាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសង្កត់ធ្ងន់ថារុស្ស៊ីមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងយោធាជាមួយមីយ៉ាន់ម៉ា ដែលកំពុងស្អិតរមួតនឹងគ្នាកាន់តែខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕