(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានធ្វើការព្រមានថ្មីមួយនៅថ្ងៃពុធនេះថា មនុស្សលោកយើងនេះនឹងអាចមើលឃើញ វីរុស COVID-19 បម្លែងថ្មីទៀត ដែលសាហាវជាងវីរុស Delta នាពេលបច្ចុប្បន្ននេះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
លោក ថេដ្រូស អាដាណម បានលើកឡើងក្នុងឱកាស នៃការត្រៀមបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូយ៉ាងដូច្នេះថា «នៅពេលវីរុស (COVID-19) រាតត្បាតកាន់តែច្រើន នោះការបម្លែងខ្លួនថ្មីៗរបស់វា ក៏នឹងមានឱកាសលេចឡើងដូចគ្នា ហើយវានឹងកាន់តែសាហាវជាងវីរុស Delta ដែលកំពុងបង្កក្តីអន្តរាយនាពេលបច្ចុប្បន្ននេះទៅទៀត... ហើយនៅពេលដែលមាន វីរុសបម្លែងថ្មីៗកាន់តែច្រើន នោះវានឹងអាចមានឱកាសយកឈ្នះលើវ៉ាក់សាំង ហើយរុញច្រានយើងទៅកាន់ផ្លូវទាល់មួយជាក់ជាមិនខាន...»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើងស្របពេលដែលពិភពលោក កំពុងមើលឃើញការឆ្លងរាតត្បាតឡើងវិញ និងកាន់តែសាហាវខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង ដែលសុទ្ធសឹងតែបានរាយការណ៍ អំពីវត្តមានវីរុសបម្លែងថ្មី Delta ដែលត្រូវបានចាត់ទុកថា មានភាពសាហាវលើសគេបច្ចុប្បន្ន។ លោក ថេដ្រូស អាដាណម ក៏បានរិះគន់ផងដែរ ចំពោះវិសមភាពក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 ទូទាំងពិភពលោក ដែលជាកត្តាបង្កឲ្យបញ្ហារីកធំឡើងវិញដូចពេលនេះ៕