(អង់គ្លេស)៖ របាយការណ៍ថ្មីមួយរបស់ ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងបានបាត់បង់ជីវិតដោយសារជំងឺ COVID-19 ក្នុងចំនួនច្រើនជាងអ្នកដែលមិនចាក់វ៉ាក់សាំង ប៉ុន្តែតាមពិតទៅវាដូចអ្វីដែលត្រូវបានរំពឹងទុក និងពុំគួរឲ្យបារម្ភទេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Deccan Herald នៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍របស់ PHE បានបង្ហាញថា មនុស្ស ១៦៣នាក់ ក្នុងចំណោម ២៥៧នាក់ ឬស្មើនឹង ៦៣.៤ភាគរយ ដែលបានស្លាប់ដោយសារវីរុស COVID-19 បម្លែងថ្មី Delta ក្នុងកំលុងពេល២៨ថ្ងៃ ក្រោយធ្វើតេស្តវិជ្ជមានជំងឺនេះ កាលពីចន្លោះថ្ងៃទី០១ ខែកុម្ភៈ និងថ្ងៃទី២១ ខែមិថុនា គឺសុទ្ធតែទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស។

ពាក់ព័ន្ធលទ្ធផលនៃរបាយការណ៍នោះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលរបស់អង់គ្លេស បានលើកឡើងថា មូលហេតុដែលគេមើលឃើញចំនួនអ្នកចាក់វ៉ាក់សាំង ស្លាប់ច្រើនជាងអ្នកមិនបានចាក់វ៉ាក់សាំងបែបនេះ គឺដោយសារតែហានិភ័យនៃការស្លាប់ដោយសារ COVID-19 របស់មនុស្សចាស់ គឺវាលើសពីក្មេងរាប់សិបដងឯណោះ ទោះបីជាទទួលបានការចាក់វ៉ាក់សាំង សូម្បីតែគ្រប់ដូសក៏ដោយ។

គួរបញ្ជាក់ថា ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស គឺចាក់ឲ្យមនុស្សវ័យចំណាស់ៗ និងងាយរងគ្រោះមុន នោះយើងត្រូវមើលឃើញថា ភាគច្រើននៃអ្នកស្លាប់ដោយសារ COVID-19 ជាអ្នកដែលបានចាក់វ៉ាក់សាំងបែបនេះហើយ។ ដូច្នេះទើបរបាយការណ៍របស់ PHE បានបង្ហាញលទ្ធផលដូចខាងលើ។ អ្វីដែលសំខាន់បំផុតនោះ គឺវាមិនមែនជាភស្តុតាងបង្ហាញថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពប្រឆាំងនឹង COVID-19 នោះឡើយ៕