(ណាជីង)៖ គិតត្រឹមរសៀលថ្ងៃពុធនេះ បុគ្គលិកអាកាសយានដ្ឋាននៅក្នុងទីក្រុង ណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនចំនួន ១៧នាក់ហើយដែលបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ដែលបណ្តាលឱ្យមានការលុបចោល និងពន្យារពេលជើងហោះហើរដ៏ច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ លទ្ធផលធ្វើតេស្តវិជ្ជមានត្រូវបានគេរកឃើញ ក្នុងកំលុងពេលធ្វើតេស្តរកជំងឺ COVID-19 ជាប្រចាំសម្រាប់បុគ្គលិកអាកាសយានដ្ឋាន។ ឆ្លើយតបនឹងបញ្ហានេះ ៦៥ភាគរយ នៃជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិណានជីង លូគូ (Nanjing Lukou) ត្រូវបានលុបចោល ខណៈអាកាសយានដ្ឋាននេះ កាលពីថ្ងៃអង្គារម្សិលមិញនេះ គ្រោងនឹងរៀបចំជើងហោះហើរទាំងក្នុង និងក្រៅស្រុករហូតដល់ ៤០៥ជើង។
បន្ថែមពីនេះ សង្កាត់ជាំងនីង (Jiangning) នៃទីក្រុង Nanjing បានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំមួយ ចាប់តាំងពីវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋាន ប៉ុន្មាននាក់ខាងលើ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ទីក្រុង Nanjing ដែលមានប្រជាជនជាង ៩,៣០០,០០០នាក់ ក៏គ្រោងនឹងបើកយុទ្ធនាការធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងទីក្រុងផងដែរ បន្ទាប់ពីយុទ្ធនាការនៅក្នុងសង្កាត់ Jiangning ត្រូវបញ្ចប់។ រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩២,៣៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧,១២៦នាក់៕