(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចទាត់ចោលចំពោះសំណើរបស់ម្ចាស់រថយន្តធុនធំ ដោយមិនអនុញ្ញាតឱ្យពួកគេដឹកលើសទម្ងន់តាមចិត្តចង់ ហើយនៅតែបន្ដឃាត់រថយន្តទុកមួយឆ្នាំ ចំពោះរថយន្ដទាំងឡាយណាដែលផ្ទុកលើសទម្ងន់ចាប់ពី ២០ភាគរយឡើងទៅ។
ម្ចាស់រថយន្តធុនធំជាអ្នកដឹកដី ដឹកខ្សាច់ ដឹកថ្ម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានប្រមូលផ្តុំគ្នាតវ៉ាស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន បន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនលើការដឹករបស់ពួកគេ។ សំណើនោះមានចំនួន៣ រួមមាន៖
ទី១៖ ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះពី៩តោន ទៅ១៥តោន តាមប្រភេទរថយន្ដធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់
ទី២៖ ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ដមួយឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី២០ភាគរយឡើងទៅ
ទី៣៖ ស្នើសុំផ្ដល់រថយន្ដែលបានឃាត់ទុកកន្លងឲ្យមកម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្ដវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្ដបន្ដទៀត។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សំណើទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២ និងមាត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំត្រឡប់ទៅវិញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ដធុនធ្ងន់ ឬអ្នកបើករថយន្ដធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវ ឲ្យស្ថិតស្ថេរគង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិតស្ដង់ដានៃការសាងសង់។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ម្ចាស់រថយន្ដធុនធ្ងន់ និងអ្នកបើកបររថយន្ដធុនធ្ងន់ បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្ដាល ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយចាប់ឃាត់រថយន្ដរបស់ពួកគាត់ ដែលដឹកលើសទម្ងន់ និងរក្សាទុកមួយឆ្នាំ។
ជាមួយនឹងការតវ៉ានេះ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះផងដែរ។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើ បណ្តាញផ្លូវថ្នល់៕