(ហុងកុង)៖ ប៉ូលិសហុងកុង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចាប់ខ្លួនអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលត្រូវបានបិទទ្វារហើយនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ប៉ូលិសហុងកុង បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាបុរសមានអាយុ ៥១ឆ្នាំ ពីបទសង្ស័យគប់គិតជាមួយកងកម្លាំងបរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់អតីតស្ថាប័នកាសែត Apple Daily មិនបានឆ្លើយតបភ្លាមៗទៅនឹង សំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា កាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង ត្រូវបានបិទទ្វារ បន្ទាប់ពីប៉ូលីសហុងកុងរាប់រយនាក់ បានចុះបង្រ្កាបទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ និងបានបង្កកគណនីធនាគាររបស់កាសែតមួយនេះ ដែលមានទឹកប្រាក់ប្រហែល ១៨លានដុល្លារហុងកុង ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ៕