(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក បានលើកឡើងផែនការការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងដំណាក់កាលទីពីរ ដែលបានផ្ទុយនឹងគោលជំហររបស់ប្រទេសចិន និងប្រទេសជាច្រើនក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ មានប្រទេសចំនួន ៥៥ បានផ្ញើសារលិខិតជូនអគ្គនាយកអង្គការសុខភាពពិភពលោក ដើម្បីអំពាវនាវឱ្យប្រកាន់ខ្ជាប់ការតាមដាន រកប្រភពដើមនៃវីរុសដោយវិទ្យាសាស្ត្រ ហើយប្រឆាំងការលេងល្បែងនយោបាយ។
ប្រទេសចិនបានរាយការណ៍ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជូនចំពោះអង្គការសុខភាពពិភពលោកមុនគេបង្អស់ បានកាន់អាកប្បកិរិយាបើកចំហ និងមានតម្លាភាពជាប់រហូត ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ហើយបានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោក ទៅប្រទេសចិនពីរលើកដើម្បីធ្វើការសិក្សាស្រាវជ្រាវ អំពីការតាមដានរកប្រភពដើមនៃវីរុស។ កាលពីថ្ងៃទី៣០ ខែមីនា ក្រុមពិនិត្យអង្កេតចម្រុះរបស់អង្គការសុខភាពពិភពលោក និងប្រទេសចិនបានចេញផ្សាយរបាយការណ៍ជាផ្លូវការ ដោយបានបង្ហាញថា វីរុសកូវីដ១៩ “គ្មានលទ្ធភាព” ធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិននោះទេ។
ក្នុងនាមជា “ប្រទេសទទួលបរាជ័យធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង” ការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាមេរិក មានការចោទជាមន្ទិលសង្ស័យច្រើនបំផុត បានរកឃើញករណីឆ្លងជំងឺ និងករណីស្លាប់ច្រើនជាងគេ ដូច្នេះគួរតែក្លាយជាចំណុចសំខាន់ នៃការងារតាមដានរកប្រភពដើមនៃវីរុសក្នុងដំណាក់កាលក្រោយ។
កាលពីខែមិនា ឆ្នាំ២០២០ លោក Robert Redfield អតិតប្រធាននៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក ធ្លាប់ទទួលស្គាល់ថា ក្នុងចំណោមករណីស្លាប់នៅរដូវកើតជំងឺគ្រុនផ្តាសាយ ដែលចាប់ផ្តើមពីខែកញ្ញាឆ្នាំ២០១៩ តាមពិតទៅ ជំងឺដែលមានករណីមួយចំនួនបានឆ្លង គឺជំងឺកូវីដ១៩។ វិទ្យាស្ថានជាតិសុខាភិបាលរបស់អាមេរិក បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ នៅខែមិថុនាឆ្នាំនេះបានឱ្យដឹងថា ចាប់ពីខែធ្នូឆ្នាំ២០១៩មកម្ល៉េះ វីរុសកូវីដ១៩ក៏បានចាប់ផ្តើមរីករាលដាលនៅអាមេរិករួចហើយ។ បើសិនជាអាមេរិកសម្គាល់ឃើញថា ខ្លួនបានកាន់អាកប្បកិរិយាបើកចំហ និងមានតម្លាភាពដូចប្រទេសចិនអ៊ីចឹង នោះគួរតែបើកចំហបន្ទប់ពិសោធន៍ Fort Detrick ឱ្យអ្នកជំនាញអន្តរជាតិចូលទៅធ្វើការស៊ើបអង្កេត និងសិក្សាស្រាវជ្រាវ។
ជាងនេះទៅទៀត ក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្ររបស់អាមេរិកចំនួនជាង ២០០កន្លែង ដែលពាសពេញនៅទូទាំងពិភពលោកទាំងមូល តើមានការសម្ងាត់អ្វីខ្លះដែលមិនអាចបើកចំហ? ប្រឈមនឹងបញ្ហាចោទជាមន្ទិលសង្ស័យជាច្រើន ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់អាមេរិក មានប្រទេសកាន់តែច្រើនឡើងៗបានអំពាវនាវថា ប្រទេសដែលត្រូវទទួលការស៊ើបអង្កេត អំពីការតាមដានរកប្រភពដើមនៃវីរុសបំផុត គឺអាមេរិកហ្នឹងឯង។ អត្ថបទរបស់កាសែត «The Korea Times» របស់កូរ៉េខាងត្បូងបានវែកញែកថា បើសិនជាមានការចាំបាច់ត្រូវបំផុស ការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ជាសកល នោះអាមេរិកគួរតែទទួលការស៊ើបអង្កេតជាសំខាន់។ កាសែត «Rebelión» របស់ប្រទេសអេស្ប៉ាញ បានចេញផ្សាយអត្ថបទដោយបានលើកឡើងថា អាមេរិកនៅមិនទាន់បំភ្លឺ និងពន្យល់អំពីទង្វើគួរឱ្យសង្ស័យជាច្រើននៅឡើយ មានតែបំភ្លឺពីការពិត នៃបញ្ហាចោទជាមន្ទិលសង្ស័យទាំងនេះ នោះទើបអាចរកបាននូវប្រភពដើមនៃវីរុសកូវីដ១៩។
បើសិនជាក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ប្រទេសចិនយល់ព្រមទទួលការស៊ើបអង្កេត តែអាមេរិកមិនព្រមធ្វើការស៊ើបអង្កេត នោះតើការសិក្សាស្រាវជ្រាវបែបនេះមានស្មារតីវិទ្យាសាស្ត្រអ្វីខ្លះ ? បើសិនជាការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ មិនអាចប្រព្រឹតិ្តទៅប្រកបដោយសមភាព នោះវាដូចជាគ្មានអត្ថន័យទាល់តែសោះ៕ (#CCFR Comment#)