(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ប៉ុន្តែមន្ត្រីរូបនេះមិនបានប៉ះពាល់ជាមួយលោកប្រធានាធិបតី ចូ បៃដិន ឬមន្ត្រីជាន់ខ្ពស់ណាម្នាក់ឡើយ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមអះអាងថាកាលពីថ្ងៃម្សិលមិញ (ថ្ងៃចន្ទ) មានមន្ត្រីសេតវិមានចាក់វ៉ាក់សាំងពេញលេញម្នាក់តេស្ដវិជ្ជមាន COVID-19 ដោយមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ»។
លោកស្រី Jen Psaki បានបន្ថែមថាអនុវត្តតាមបទដ្ឋានសុវត្ថិភាព មន្ត្រីដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណខាងលើកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក និងរង់ចាំការធ្វើតេស្ដសាជាថ្មី ខណៈក្រុមអ្នកជំនាញ កំពុងតាមស្វែងរកអ្នកដែលធ្លាប់បាន ប៉ះពាល់ជាមួយមន្ត្រីរូបនេះ។
គួរបញ្ជាក់ថា បើតាមលោកស្រី Jen Psaki ករណីឆ្លង COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញនៅសេតវិមានដទៃទៀត ក៏ធ្លាប់មានផងដែរ ប៉ុន្តែលោកស្រីមិនបាន បញ្ជាក់ថាមានប៉ុន្មានករណី ឬក៏ត្រូវបានរកឃើញកាលពីពេលណានោះទេ៕