(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ ខណៈមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះ នៃភាគកណ្ដាលប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
បើតាមអាជ្ញាធរចិន មនុស្ស ១២នាក់ដែលបានបាត់បង់ជីវិតនោះ ត្រូវបានគេរាយការណ៍ចេញពីទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្ត ហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀតនៅក្នុងខេត្តនោះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពហើយ។
អាជ្ញាធរខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុត ចំពោះបញ្ហាអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងចំនួន ១២ បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបង្ខំចិត្តលុបចោលផងដែរ។
គួរបញ្ជាក់ថា បរិមាណទឹកភ្លៀងក្នុងរយៈពេល ០៣ថ្ងៃចុងក្រោយនៅក្នុងទីក្រុង Zhengzhou ត្រូវបានគេរាយការណ៍ថា មានចំនួនប្រហាក់ប្រហែលនឹងបរិមាណទឹកភ្លៀង នៅក្នុងរយៈពេល ០១ឆ្នាំពេញ។ ព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថា នឹងបន្តវាយប្រហារនៅក្នុងតំបន់ យ៉ាងហោចណាស់ ២៤ម៉ោងបន្ទាប់ទៀត។ ដោយឡែកទីក្រុង ឡយ៉ាង (Luoyang) ក៏ទើបចេញសេចក្តីព្រមាន ពីការបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយផងដែរ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក និងកម្រិតទឹកកើនឡើងខ្ពស់ហួសប្រមាណ៕