(ប៉េកាំង)៖ សមុទ្រឫស្សីព័ន្ធជុំវិញភូមិ Yucun ទីនេះលែងជាភូមិដែលត្រូវបំពុលដោយសារការជីករ៉ែ ដោយក្លាយទៅជាជង្រុកនៃទំពាំង ផ្សិត ស្លឹកតែ និងស្រូវ។ អ្នកភូមិថា ទាំងនេះសុទ្ធតែជា “ ធនាគារបៃតង ” របស់ពួកយើង។

កាលពីឆ្នាំ២០០៥ លោក Xi Jinping ដែលកាលនោះជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំខេត្ត Zhejiang បានប្រាប់ពួកគេថា៖ ទឹកស្អាត ភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ យើងត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយចីរភាព។ រយៈពេល ១៦ ឆ្នាំបន្ទាប់ពីនោះ ធនធានបៃតងក្នុងភូមិត្រូវបានកែច្នៃជាឧស្សាហកម្មពិសេសក្នុងតំបន់។

ការអភិវឌ្ឍន៍បៃតង បីដូចជាប្រភពថាមពលដ៏រស់រវើកនៃជីវភាពធូរធារបង្គួរ។

ភូមិ Xujiachong ក្រុង Yichang ខេត្ត Hubei ស្ថិតនៅត្រើយខាងជើងនៃទន្លេយ៉ងសេ មានទេសភាពស្រស់ស្អាត។ ពីមុនអ្នកភូមិបោកគក់ខោអាវនៅតាមមាត់ទន្លេ ប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេបានទៅបោកគក់នៅអាងទឹកថ្មីក្នុងភូមិ ដោយសាប៊ូគ្មានសារធាតុផូស្វ័រ ហើយទឹកកខ្វក់ត្រូវចាត់ចែងជាមួយគ្នា។

ទន្លេយ៉ងសេហូរទៅទិសខាងកើត ដល់ភូមិ Xiashatou ក្រុង Nanchang ខេត្ត Jiangxi ។ លោក WuHuashan និងអ្នកភូមិកំពុងនាំគ្នាធ្វើស្រែ និងចិញ្ចឹមបង្គា។ ពួកគេជាកសិករថ្មី ជាង ២០ឆ្នាំមុននេះ ធ្វើការនេសាទតាមទន្លេ ។ ឆ្នាំ២០២០ អ្នកនេសាទទទួលបានប្រាក់ឧបត្ថម្ភនិងប្រាក់ជំងឺចិត្តពីរដ្ឋបាលតំបន់ ចាប់ផ្តើមរកស៊ីលើដីវិញ។

អំពីការដែលរដ្ឋាភិបាលហាមមិនឱ្យនេសាទតាមទន្លេយ៉ងសេរយៈពេល១០ឆ្នាំ លោកសម្តែងការគាំទ្រយ៉ាងខ្លាំងថា ៖ “ថ្ងៃនេះផ្អាកនេសាទត្រី ថ្ងៃក្រោយកូនចៅមានត្រីហូប។”

សម្តីសាមញ្ញទាំងនេះបានឱ្យដឹងថា ប្រជាជនចិនបានកែប្រែទស្សនៈអភិវឌ្ឍន៍យ៉ាងស៊ីជ្រៅ។ “ទឹកស្អាត ភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ ” ជាការយល់ដឹងជាទូទៅ។

អំពីបញ្ហាគ្រោះមហន្តរាយបរិស្ថាន លោក Xi Jinping តែងទៅពិនិត្យដោយផ្ទាល់ហើយគិតគូរយ៉ាងវែងឆ្ងាយ។

កាលពីឆ្នាំ១៩៩៩ លោក Xi Jinping ដែលកាលនោះជាអភិបាលស្តីទីខេត្តFujian បានទៅដល់ស្រុក Changting ជាពិសេស។ ពេលបានដឹងថាទំហំដីនិងទឹកដែលហូរបាត់ បានលើសពីមួយលាន mu (ស្មើនឹង ៦៧០០០ ហិតា) លោកនិយាយដោយមុខមាំថា ៖ "ទោះប្រើ ៨ ឆ្នាំក្តី ជាង ១០ ឆ្នាំក្តី ក៏យើងត្រូវដោះស្រាយបញ្ហានេះដោយសុំការគាំទ្រទាំងថ្នាក់ជាតិ ខេត្ត និងក្រុង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។"

ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ នៅទីក្រុងសំខាន់ៗចំនួន៣តាមដងទន្លេយង់សេ លោក Xi Jinping បានធ្វើជាអធិបតីនៃកិច្ចប្រជុំពិសេសអំពីការអភិវឌ្ឍ។ លោកបាននិយាយត្រង់ៗថា ៖

“សន្ទស្សន៍នៃសុក្រឹតភាពជីវសាស្ត្រ (index of biological integrity,IBI): នៃទន្លេយ៉ងសេ បានធ្លាក់ដល់កម្រិតទាបបំផុតដែលហៅសាមញ្ញថាគ្មានត្រី”
“ឧស្សាហកម្មតាមបណ្តោយទន្លេបានបង្ហូរធាតុបំពុលច្រើនលើសលប់ទៅក្នុងទឹក”
“ការកាន់កាប់ដីធ្លីជាប់មាត់ទន្លេយ៉ងសេនិងកំពង់ផែ ជាដើម នៅតែជាបញ្ហាធ្ងន់ធ្ងរ”
“ត្រូវរួមគ្នាអភិរក្ស មិនអភិវឌ្ឍដោយហួសហេតុនោះទេ។”

គម្រោងឧស្សាហកម្មគីមីដែលកាលនោះកំពុងសាងសង់ក្បែរទន្លេត្រូវផ្អាកទាំងស្រុង។ បន្ទាប់មក ទីតាំងផលិតកម្មនិងកំពង់ផែ ដែលប្រហែលអាចបំពុលបរិស្ថានត្រូវរុះរើសជាបន្តបន្ទាប់ ហើយកំពង់ផែចាស់ៗ រោងចក្រចាស់ៗ សួនកម្សាន្តតូចៗ អគារស្នាក់នៅចាស់ៗជាដើម ត្រូវរើសចេញជាបន្តបន្ទាប់។ ពណ៌បៃតងដ៏ស្រស់ស្អាតបានគ្របដណ្តប់សងខាងទន្លេយ៉ងសេឡើងវិញ។

នាឆ្នាំ ២០១៨ លោក Xi Jinping បានទៅពិនិត្យដងទន្លេយ៉ងសេម្តងទៀត។ លោកបានគូសបញ្ជាក់ថា សហគ្រាសនៅត្រើយទន្លេដែលបំពុលដល់បរិស្ថានត្រូវរុះរើសទាំងអស់ សំណង់បរិក្ខាត្រូវដកចេញទាំងអស់ សំរាមដឹកចេញឱ្យអស់ ដីធ្លីសម្អាតឡើងវិញ។ " ការធ្វើការមិនអភិវឌ្ឍហួសហេតុ មិនមែនមានន័យថាមិនធ្វើការអភិវឌ្ឍនោះទេ បានន័យថា សូមកុំអភិវឌ្ឍដោយបំផ្លាញបរិស្ថាន ពោលគឺ ត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតងដែលតម្កល់ទុកអេកូឡូស៊ីជាអាទិភាព។ "

នាខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងNantong ខេត្ត Jiangsu ដែលស្ថិតតាមបណ្តោយទន្លេយ៉ងសេ លោក Xi Jinping បានចោទសួរលម្អិតថា ៖ “ រោងចក្រគីមីសហគ្រាសគីមីក្បែរហ្នឹង គឺដោះស្រាយតាមរបៀបណា ? រើសចេញ បិទទ្វារ ឬក៏កែលម្អបច្ចេកទេសផលិតកម្ម ?” អ្នកក្រុងបានជម្រាបថា “ត្រូវបិទទាំងអស់ហើយ។” ការប្រែប្រួលបាននាំមកនូវភាពរស់រវើក។

ឆ្នាំ ២០២០ គុណភាពទឹកតាមបណ្តោយដៃទន្លេសំខាន់ៗទាំងអស់នៃទន្លេយ៉ង់សេ បានកើនដល់កម្រិត Ⅱ (តំបន់ការពារថ្នាក់ទីមួយនៃប្រភពទឹកលើផ្ទៃដី ដែលជាជម្រកនៃជលជាតកម្រ ) , នៅឆ្នាំ២០២១នេះ អ្នកនេសាទចំនួនជាង ២ សែននាក់ទៀតនឹងបន្តផ្អាកអាជីពប្រពៃណី ដើម្បីរួមគ្នាគាំទ្រនយោបាយផ្អាកនេសាទត្រីរយៈពេល ១០ ឆ្នាំនៅតំបន់សំខាន់ៗតាមបណ្តោយទន្លេយ៉ង់សេ។ ចំណែកឯច្បាប់ការពារទន្លេយ៉ង់សេរបស់ប្រទេសចិនក៏បានចូលជាធរមានជាផ្លូវការពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១នេះផងដែរ។

ធម្មជាតិជាម្តាយនៃជីវិត មនុស្សជាតិចាំបាច់ត្រូវគោរព ថែរក្សា និងការពារធម្មជាតិ។ " យើងត្រូវស្វែងរកមាគ៌ាអភិវឌ្ឍន៍ប្រកបដោយអរិយធម៌ ដែលមានផលិតកម្មរីកចម្រើន ជីវភាពធូរធារបង្គួរ ហើយបរិស្ថានអេកូឡូស៊ីល្អប្រសើរ។ ថែរក្សាទឹកខៀវភ្នំបៃតងដ៏ស្រស់ស្អាតជូនដល់កូនចៅជំនាន់ក្រោយៗ។ " នេះបើតាមប្រសាសន៍របស់លោក Xi Jinping ៕

ទេសភាពឈូងក្បាលត្រី ស្រុកWushan ក្រុង Chongqing (រូបភាពឯកសារនៃទីភ្នាក់ងារស៊ីនហួរ ថតនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០)។ ខេត្ត-ក្រុងចំនួន ១១ តាមបណ្តោយខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ បានរួមគ្នាខិតខំជំរុញការកែលម្អនិងការពារអេកូបរិស្ថាន រួមគ្នាអភិរក្ស មិនអភិវឌ្ឍហួសហេតុ ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕