(ហ្សាកាតា)៖ ប្រជាជនម៉ូស្លីមរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារ ទី ២០ ខែកក្កដា បានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យអ៊ីស្លាមដ៏សំខាន់បំផុតមួយ ខណៈដែលប្រធានាធិបតីលោក Joko Widodo បានសន្យាថា នឹងបន្តរឹតបន្តឹងវិធានការប្រឆាំងនឹងកូវីដ១៩ រហូតដល់ករណីឆ្លងបានធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។
ស្ថានការណ៍កូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន ស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងច្រើនបំផុតមួយនៅលើពិភពលោក ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបម្លែងខ្លួនថ្មី Delta ទោះបីជាមានការដាក់ចេញនូវវិធានការរឹតត្បឹងចាប់តាំងពីដើមខែក៏ដោយ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានណែនាំឱ្យប្រជាជនឥណ្ឌូនេស៊ីប្រារព្ធពិធី Eid al-Adha នៅតាមផ្ទះរៀងៗខ្លួន ដោយធ្វើតាមវិធានអនាម័យយ៉ាងតឹងរឹងដើម្បីបង្ការការឆ្លង ខណៈអាជ្ញាធរប៉ូលីសក៏បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន ដើម្បីរឹត្បឹតការធ្វើដំណើរនៅក្នុងប្រទេស ដែលមានប្រជាជនមូស្លីមធំបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា ពិធីបុណ្យសាសនា Eid al-Adha គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់សាសនាអ៊ីស្លាម។ នៅក្នុងពិធីបុណ្យនេះសាសនិកអ៊ីស្លាមដែលមានលទ្ធភាព ឬជីវភាពធូធារតែងតែសំឡេះសត្វគោក្របី ឬពពែដើម្បីយកសាច់ចែកជូនអ្នកក្រ ហូបឆ្ងាញ់មួយពេលសម្រាប់ពិធីបុណ្យដ៏ពិសិដ្ឋនេះ៕