(ស៉ីដនី)៖ បើតាមក្រុមអ្នកស្រាវជ្រាវអូស្រ្តាលី និងអន្តរជាតិ ដែលបានពិនិត្យមើលការឆ្លើយតប ទៅនឹងជំងឺឆ្លងរាតត្បាតនៅក្នុងប្រទេស ដែលមាន និងគ្មានវិធានការបិទខ្ទប់បានរកឃើញថា វិធានការបិទខ្ទប់អាចធ្វើឱ្យប៉ះពាល់ ដល់សុខុមាភាពរបស់មនុស្សពិតប្រាកដមែន ប៉ុន្តែការមិនអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 គឺជារឿងដែលអាក្រក់ជាងនេះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្ការ ទី២០ ខែកក្កដា ឆ្នាំ២០២១។
ក្រុមស្រាវជ្រាវជាច្រើនរួមមានមកពីសាកលវិទ្យាល័យ វ៉ូលឡុងហ្គុង (Wollongong ឬ UOW) និងសាកលវិទ្យាល័យ ចេមស៍ ឃុគ (James Cook ឬ JCU) នៃប្រទេសអូស្រ្តាលីបានរកឃើញថា វាពិតជាមានភាពលំបាកក្នុងការកំណត់ណាស់ ប៉ុន្តែវាមិនទំនងថា ការអន្តរាគមន៍របស់រដ្ឋាភិបាល អាក្រក់ជាងការឆ្លងរាតត្បាតនៃជំងឺ COVID-19 នោះទេ»។
ការស្រាវជ្រាវរបស់ពួកគេ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវត្តី BMJ Global Health កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃវិធានការបិទខ្ទប់ ទៅលើការស្លាប់ សេវាកម្មសុខភាព កម្មវិធីសុខភាពពិភពលោក ការធ្វើអត្តឃាត និងសុខភាពផ្លូវចិត្ត ដោយប្រើប្រាស់ទិន្នន័យមរណភាពពិភពលោក (WMD) ដែលបានប្រមូលស្ថិតិមកពីប្រទេស និងតំបន់ចំនួន ៩៤។
ជាការពិត WMD បានបង្ហាញថា បណ្តាប្រទេសដែលមានវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គឺមានអត្រាការស្លាប់តិចជាងឆ្នាំមុនៗ ដោយក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា វិធានការបិទខ្ទប់ អាចកាត់បន្ថយអត្រាការស្លាប់ប្រចាំឆ្នាំពី ៣ ទៅ ៦ភាគរយ។ ការបញ្ចេញរបាយការណ៍នេះបានកើតមានឡើង ស្របពេលដែលមតិមួយចំនួននៅអូស្ត្រាលី បានធ្វើការត្អូញត្អែ ចំពោះការបិទខ្ទប់ទីក្រុងស៊ីដនី និងមែលប៊ន៕