(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា គ្រប់គ្នាត្រូវតែដើរតួនាទីខ្លួនឲ្យបានល្អ ទើបអាចយកឈ្នះជំងឺ COVID-19 បានជាសកល។ លោកបានលើកឡើងបែបនេះ ក្នុងការបង្ហោះសារមួយលើបណ្តាញ Twitter ស្តីពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលនឹងត្រូវប្រារព្ធឡើង ក្នុងពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសារ Twitter នោះ លោក Tedros បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានសារសាមញ្ញប៉ុន្តែសំខាន់បំផុតមួយគឺ យើងអាចយកឈ្នះ COVID-19 បាន ប៉ុន្តែគ្រប់គ្នាត្រូវតែដើរតួនាទីរៀងៗខ្លួនឲ្យបានល្អ។ ខ្ញុំសូមជូនពរឲ្យព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងក្លាយជាពន្លឺនៃក្តីសង្ឃឹមនិងសាមគ្គីភាព ដើម្បីឆ្ពោះទៅសម្រេចបានសមភាពវ៉ាក់សាំង ហើយបញ្ចប់ការរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក»។
លោក Thomas Bach ដែលជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា លោក Tedros នឹងទៅដល់ទីក្រុងតូក្យូ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីថ្លែងសារទៅកាន់សមាជិកនៃគណៈកម្មាធិការ IOC។ កន្លងមកនេះ WHO ក៏ជួយផ្តល់ការណែនាំដល់ ក្រុមអ្នករៀបចំអូឡាំពិករបស់ប្រទេសជប៉ុន និងគណៈកម្មាធិការ IOC អំពីវិធានការសុខាភិបាល ដែលនឹងត្រូវអនុវត្តនៅកន្លែងប្រារព្ធព្រឹត្តិការណ៍ផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ទីបំផុតនឹងត្រូវចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា គឺត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ ហើយបន្តរហូតដល់ថ្ងៃទី០៨ ខែសីហា បន្ទាប់ពីត្រូវបានពន្យារពេលអស់មួយឆ្នាំ ព្រោះតែ COVID-19៕