(បាងកក)៖ នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DDC) បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០លានដូស ចំពោះមុខការឆ្លងរាតត្បាតជំងឺនេះកាន់តែអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត អូប៉ាស កានកាវីនផុង (Opas Karnkawinpong) អគ្គនាយកនៃ DDC និងលោកស្រី ដេប្រូរ៉ាហ៍ សីហ្វឺត (Deborah Seifert) អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃស្ថិតក្នុងខេត្ត ណុនថាបុរី (Nonthaburi) ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ចូលរួមជាអធិបតីផងដែរ។
គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា រួចមកហើយដែរ ខណៈការផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង នឹងប្រព្រឹត្តទៅនៅអំលុងត្រីមាសទី ៤ នៃឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer-BioNTech ធ្លាប់បានអះអាងថា ខ្លួននឹងផលិតវ៉ាក់សាំងឲ្យបានរហូតដល់ចំនួន ៣លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដើម្បីចែកចាយនៅទូទាំងពិភពលោក៕