(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ចាក់ឲ្យក្មេងៗអាយុចន្លោះ ៣-១៧ឆ្នាំ នៅក្នុងប្រទេសចិន ហើយឥឡូវទិន្នន័យពីការធ្វើតេស្តដំណាក់កាលទីពីរបង្ហាញថា វាមានប្រសិទ្ធភាពយ៉ាងហោចដល់ទៅ ៩៨.៩ភាគរយ ក្នុងការបណ្តុះអង់ទីករការពារ ខណៈប្រសិទ្ធភាពនេះ គឺខ្ពស់ជាងក្រុមមនុស្សដែលមានអាយុលើស ១៨ឆ្នាំទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយកាសែតចិន Global Times នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
ក្រុមហ៊ុន Sinovac បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការធ្វើតេស្តនោះមានការចូលរួម ពីក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៨០នាក់ ដែលស្ថិតក្នុងក្រុមអាយុខាងលើ។ រយៈពេល ០៣ខែ ក្រោយចាក់វ៉ាក់សាំង កម្រិតនៃការផលិតអង់ទីករ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ក្នុងចំណោមអ្នកទាំងនោះ គឺស្ថិតនៅអត្រាខ្ពស់រហូតដល់ទៅ ៩៨.៩ភាគរយ។ យោងតាមទិន្នន័យនៃការធ្វើតេស្ត ក្រុមហ៊ុន Sinovac បានអះអាងទៀតថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព និងស្ថិរភាពក្រោយចាក់លើក្មេងៗ។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង Sinovac សម្រាប់ប្រជាជនអាយុចន្លោះ ៣-១៧ឆ្នាំ កាលពីខែឧសភាកន្លងទៅ។ បើតាមក្រុមហ៊ុន Sinovac ឲ្យដឹងថា ទីក្រុង និងខេត្តជាច្រើននៅក្នុងប្រទេសចិន បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះ ឲ្យក្មេងជំទង់អាយុចន្លោះ ១៥-១៧ឆ្នាំ តាំងតែពីខែកក្កដាមក ហើយកំពុងគ្រោងពង្រីកការចាក់សម្រាប់ក្មេងៗ អាយុផ្សេងៗទៀត៕