(អឺរ៉ុប)៖ របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានឱ្យដឹងថា អឺរ៉ុបបានក្លាយជាតំបន់ដំបូងគេនៅទូទាំងពិភពលោក ដែលបានកត់ត្រានូវករណីឆ្លងវីរុស COVID-19 សរុបជាង ៥០លានករណី នៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលមានសមត្ថភាពចម្លងលឿនរហ័សជាងវីរុស COVID-19 បម្លែងខ្លួនថ្មីនានា ដែលមាននៅបច្ចុប្បន្ននេះ កំពុងជំរុញឱ្យមានការកើនឡើង នូវករណីឆ្លងថ្មីៗជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
តំបន់អឺរ៉ុប កំពុងមើលឃើញ ករណីឆ្លងថ្មីៗខ្ទង់មួយលានករណី ជារៀងរាល់ប្រាំបីថ្ងៃ ហើយបានរាយការណ៍ពីមនុស្សស្លាប់ដោយ COVID-19 ជិត១.៣លាននាក់ហើយ គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវនេះមក។ វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ត្រូវបានគេរកឃើញនៅក្នុងប្រទេស និងដែនដីប្រហែល ១០០ហើយ ដែលនាពេលបច្ចុប្បន្ននេះ វាកំពុងក្លាយជាវីរុសដែលឆ្លងរាតត្បាតធ្ងន់ធ្ងរពាសពេញពិភពលោក។
ទីផ្សារហ៊ុនអ៊ឺរ៉ុប បានរងភាពញាប់ញ័រ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារភាគហ៊ុនបានធ្លាក់ចុះជាង០២ភាគរយ ដែលមិនធ្លាប់កើតមានឡើង ក្នុងរយៈពេល ០៩ខែមកនេះឡើយ ចំពោះមុខការព្រួយបារម្ភថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta អាចធ្វើពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន AJ Bell លោក Russ Mould បាននិយាយថា «វិនិយោគិនមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលថាការបិទខ្ទប់ថ្មីផ្សេងទៀត អាចនឹងត្រូវអនុវត្តក្នុងរយៈពេល១-២ខែខាងមុខ។ វីរុស COVID-19 កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សឡើងវិញ ហើយក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន និងក្រុមហ៊ុនកម្សាន្តដទៃទៀត ប្រហែលជាមិនទទួលបានការធ្វើពាណិជ្ជកម្មនៅរដូវក្តៅខ្លាំង ដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយនេះទេ»។
គួរបញ្ជាក់ថា អឺរ៉ុបនៅតែជាតំបន់មួយ ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅទូទាំងពិភពលោក ហើយបានកត់ត្រានូវករណីឆ្លងប្រមាណ ២៧ភាគរយ នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក និងករណីស្លាប់ប្រមាណ ៣១ភាគរយ នៃករណីស្លាប់សរុបនៅទូទាំងពិភពលោក។
បើតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ករណីឆ្លងវីរុស COVID-19 នៅតំបន់អឺរ៉ុបកើនឡើងពី ២៥លានករណី មកដល់លើស ៥០លានករណីនេះ ដោយប្រើពេលតែ១៩៤ថ្ងៃប៉ុណ្ណោះ ខណៈ២៥លានករណីដំបូង ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ៣៥០ថ្ងៃឯណោះ៕