(ឡុងដ៍)៖ អតីតទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) មិនបានត្រៀមខ្លួនក្នុងការដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នោះទេ ក្រោមហេតុផលថា មានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះ ដែលបានស្លាប់ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូង ចាប់តាំងពីលោកបានចាកចេញពីតំណែង កាលពីឆ្នាំមុន លោក ដូមីនីក ខាំមីង (Dominic Cummings) បាននិយាយថា លោក Boris Johnson មិនចង់ដាក់ចេញនូវវិធានការបិទខ្ទប់ជាលើកទីពីរ នៅរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំមុននោះទេ ដោយលោកនាយករដ្ឋមន្រ្តីអង់គ្លេសលើកហេតុផលថា «មនុស្សដែលកំពុងស្លាប់នាពេលនោះ គឺសុទ្ធតែជាមនុស្សវ័យចំណាស់ ដែលមានអាយុលើសពី ៨០ឆ្នាំ»។
លោក Dominic Cummings ក៏បានអះអាងទៀតថាលោក Boris Johnson បានផ្ញើសារទៅលោកថា៖ «ហើយខ្ញុំក៏លែងជឿរឿងប្រព័ន្ធសុខាភិបាល រងសម្ពាធខ្លាំងលើសលុប ដោយសារ COVID-19 ទាំងនេះទៀតដែរ ខ្ញុំគិតថាយើងប្រហែលជាត្រូវគិតពិចារណាឡើងវិញ»។ ទោះជាយ៉ាងណា បណ្តាញព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យថា តើការអះអាងរបស់លោក Cummings ពិតឬអត់នោះដែរ។
គួរបញ្ជាក់ថា ទោះបីជាបានដាក់មន្ទិលសង្ស័យចំពោះ ភាពស័ក្តិសមរបស់លោក Boris Johnson ក្នុងនាមជាជានាយករដ្ឋមន្រ្តី និងបានសម្តែងការមិនពេញចិត្តចំពោះ ការប្រយុទ្ធរបស់រដ្ឋាភិបាលប្រឆាំងនឹងជំងឺ COVID-19 ក៏ដោយ ការរិះគន់របស់លោក Dominic Cummings មិនទាន់បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាប្រិយភាពរបស់លោក Johnson ក្នុងការស្ទង់មិតពីប្រជាជនអង់គ្លេសនៅឡើយទេ៕