(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែលជាប្រព័ន្ធសារព័ត៌មានដ៏ល្បីឈ្មោះរបស់ប្រទេសអាមេរិក និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew ដែលជាស្ថាប័នធ្វើប្រជាមតិដ៏ល្បីឈ្មោះ បានដាក់ចេញលទ្ធផលនៃការធ្វើប្រជាមតិ ពីរលើកជាបន្តបន្ទាប់។ ការសន្និដ្ឋាននៃភ្នាក់ងារសារព័ត៌មាន Bloomberg គឺថា «អាមេរិកជាប្រទេសដែលបានបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ល្អបំផុតនៅលើពិភពលោក» ហើយការសន្និដ្ឋានរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew គឺថា «រូបភាពរបស់ប្រទេសចិន លើផ្ទៃអន្តរជាតិនៅតែអវិជ្ជមាន ហើយរូបភាពរបស់អាមេរិកបានល្អឡើងវិញជាសន្សឹមៗ»។ វាច្បាស់ណាស់ថា លទ្ធផលនៃការធ្វើប្រជាមតិទាំងពីរនេះ បានបណ្តាលឱ្យមជ្ឈដ្ឋានមតិអន្តរជាតិសើចចំអក ។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែលសន្មត់ខ្លួនថា ជាក្រុមហ៊ុនសារព័ត៌មានខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធំបំផុតនៅពិភពលោក ហើយតែងតែអួតអាងថាព័ត៌មានរបស់ខ្លួនមាន «មានយុត្តិធម៌និងមិនលំអៀង» រីឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew បានចាត់ទុកខ្លួនជា «ស្ថាប័នគ្មានទំនោរ»។ ប៉ុន្តែលទ្ធផលនៃការធ្វើប្រជាមតិថ្មីបំផុត ដែលពួកគេបានចេញផ្សាយនោះ បែរជាបានបង្ខូចយ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរៀងខ្លួន។ ព្រមទាំងដាស់តឿនដល់ពិភពលោកទាំងមូលថា៖ គួរតែប្រុងប្រយ័ត្នចំពោះ «អន្ទាក់នៃការធ្វើប្រជាមតិ» របស់លោកខាងលិច។
ឥឡូវយើងទៅមើល តើពួកគេបានធ្វើអន្ទាក់តាមរបៀបណា? ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានកែប្រែក្បួនច្បាប់ស្តីពីការដាក់ពិន្ទុ ដែលទីបំផុតបានធ្វើឱ្យអាមេរិក «កាន់ចំណាត់ថ្នាក់ទីមួយ» លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លទ្ធផលនេះ រងការរិះគន់ជាទូទៅពីសំណាក់ពិភពលោកទាំងមូល។ រីឯការសិក្សាស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew ក៏ជាល្បែងបោកបញ្ឆោតខ្លួនឯងផងដែរ។ ឧទាហរណ៍ដូចជា ក្នុងការស្ទង់ប្រជាមតិចំពោះ រូបភាពរបស់ប្រទេសចិន ដែលមជ្ឈមណ្ឌលនេះ បានប្រកាសនាពេលថ្មីៗកន្លងទៅ គ្រាន់តែជ្រើសរើសអង្គភាពសេដ្ឋកិច្ចរីកចម្រើនចំនួន១៧ប៉ុណ្ណោះ ព្រមទាំងទទួលបានសេចក្តីសន្និដ្ឋានថា «មនុស្សភាគចម្រើនសម្គាល់ឃើញថា រូបភាពរបស់ប្រទេសចិននៅតែអវិជ្ជមានដដែល»។
បើមើលពីគោលបំណង ពីឬសគល់អាចឃើញថា ទីភ្នាក់ងារសារព័ត៌មាន Bloomberg និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew នាំគ្នាមួលបង្កាច់ប្រទេសចិន តាមរយៈការធ្វើប្រជាមតិ បានបង្ហាញឱ្យឃើញនូវ ការដែលប្រព័ន្ធសារព័ត៌មាន និងស្ថាប័នលោកខាងលិចមួយចំនួន ចចេសប្រកាន់អាកប្បកិរិយាអវិជ្ជមាន ចំពោះប្រទេសចិន តាមរយៈទស្សនៈតម្លៃលោកខាងលិច ។ ព្រមពេលជាមួយគ្នានេះ ក៏បានលាតត្រដាងថែមមួយកម្រិតទៀតថា ពួកគេមានការគប់គិតគ្នា ខាងផលប្រយោជន៍ដ៏សម្ងាត់ ជាមួយរដ្ឋាភិបាលអាមេរិក ។
ពិតមែនតែទីភ្នាក់ងារសារព័ត៌មាននិងស្ថាប័នមួយចំនួន ដូចជាទីភ្នាក់ងារសារព័ត៌មាន Bloomberg និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew ជាដើមអួតអាងថាខ្លួនជាស្ថាប័នដ៏ឯកទេសនិងឯករាជ្យក៏ដោយ ក៏ប៉ុន្តែតាមពិតទៅ ពួកគេគឺជាចំណែកមួយរបស់សង្គ្រាមមតិសាធារណៈ ដែលបង្កឡើងដោយអាមេរិក។ ពួកគេលេងលែ្បងគ្រប់បែបយ៉ាង ដើម្បីគាំពារអ្វីដែលហៅថា សណ្ឋាប់ធ្នាប់បែបអាមេរិក ។
នាពេលថ្មីៗកន្លងទៅនេះ លោក George Koo ស្ថាបនិកនៃក្រុមហ៊ុនសម័្ពន្ធយុទ្ធសាស្ត្រអន្តរជាតិរបស់អាមេរិក បានចេញផ្សាយបទអត្ថាធិប្បាយថា «សណ្ឋាប់ធ្នាប់អន្តរជាតិ» មិនមែនត្រូវស្តាប់តាមបទបញ្ជារបស់អាមេរិកនោះទេ។ ប៉ុន្តែ ប្រព័ន្ធសារព័ត៌មាននិងស្ថាប័នរបស់អាមេរិកមួយចំនួន នៅតែងប់ងល់នឹងការគាំពារសណ្ឋាប់ធ្នាប់បែបនេះ។ ដើម្បីគាំពារសណ្ឋាប់ធ្នាប់បែបនេះ ពួកគេបានខំប្រឹងធ្វើអន្ទាក់នៃការស្ទង់ប្រជាមតិ តែទង្វើបែបនេះគ្រាន់តែនឹងធ្វើឱ្យ ពិភពលោកសើចចំអកនិងបង្ខូចដល់កិត្តិនាម របស់ខ្លួនតែប៉ុណ្ណោះ៕