(ប៉េកាំង)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ (ថ្ងៃចន្ទ ទី១៩ ខែកក្កដា) ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៦៥នាក់ទៀត ដែលនេះជាតួលេខខ្ពស់មិនធ្លាប់មាន គិតចាប់តាំងពីខែមករា ឆ្នាំ២០២១ ដែលកាលណោះ ករណីឆ្លងរហូតដល់ទៅ ៩២នាក់ ត្រូវបានរាយការណ៍ (ថ្ងៃទី៣០ ខែមករា)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលចិន ចំនួនករណីឆ្លងថ្មីៗខាងលើនេះ ៤១នាក់ត្រូវបានរាយការណ៍ចេញពីខេត្ត យូណាន (Yunnan) ដោយពួកគេសុទ្ធតែជាជនជាតិចិន ដែលទើបត្រលប់មកពីប្រទេសមីយ៉ាន់ម៉ាវិញ។ ពួកគេស្ថិតនៅក្នុងចំណោមជនជាតិចិន ដែលបានត្រលប់មកប្រទេសកំណើតវិញ ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា នៅពេលដែលមីយ៉ាន់ម៉ារងគ្រោះកាន់តែខ្លាំង ដោយសារការរាតត្បាត COVID-19។
គួរបញ្ជាក់ថា ជនជាតិចិនជាច្រើនដែលត្រលប់មកពីមីយ៉ាន់ម៉ា គឺត្រូវបានកំណត់ឲ្យចូលមកកាន់ទីក្រុង យូអ៊ីលី (Ruili) និង ឡុងឈាន់ (Longchuan) របស់ខេត្ត យូណាន ដែលជាចំណុចច្រកឆ្លងកាត់ដ៏សំខាន់ នៃប្រទេសពីរទៀតចូលមកកាន់ប្រទេសចិនផងដែរ នោះគឺឡាវ និងវៀតណាម ហើយខេត្តយូណានរបស់ចិន មានព្រំដែនជាប់ប្រទេសអាស៊ានទាំងបីនេះ ប្រវែងរហូតដល់ ៤,០០០គីឡូម៉ែត្រ។
បើតាមអាជ្ញាធរចិន ការរកឃើញករណីឆ្លងក្នុងខេត្ត យូណាន ពេលនេះក៏មានជាប់ពាក់ព័ន្ធ នឹងវីរុស COVID-19 បម្លែងថ្មី Delta ផងដែរ។ គិតត្រឹមពេលនេះ ចិនមានករណីឆ្លង COVID-19 សរុប ៩២,៣៤២ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៧,០៩៨នាក់៕