(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេល ៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកល ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
បើតាមរបាយការណ៍ពីសាកលវិទ្យាល័យ Johns Hopkins អត្រាឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបច្ចុប្បន្នគឺ ៣២,០០០នាក់ក្នុងមួយថ្ងៃ ឬស្មើនឹងការកើនឡើង ៦៦% បើធៀបនឹងសប្តាហ៍មុន និង ១៤៥% បើធៀបនឹងពីរសប្តាហ៍មុន។ យ៉ាងណាក៏ដោយ អត្រាស្លាប់ប្រចាំថ្ងៃគឺ ២៥៨នាក់ ឬស្មើនឹងការកើនឡើង ១៣% បើធៀបនឹងសប្តាហ៍មុន។ ដោយឡែកចំនួនអ្នកជំងឺ ដែលកំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ ក៏បានកើនឡើង ៥០% ផងដែរ បើធៀបនឹងរយៈពេលពីរសប្តាហ៍មុន។
គួរបញ្ជាក់ថា ការស្ទុះងើបឡើងវិញ នៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ខណៈប្រជាជនជាង ៥០% ក្នុងចំណោមប្រជាជនអាមេរិកសរុប ៣៣២លាននាក់ នៅមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅឡើយ។
ជុំវិញស្ថានការណ៍ដ៏ផុយស្រួយខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងក្រុមអ្នកជំនាញកំពូលៗផ្នែកសុខាភិបាល នៅតែបន្តជំរុញយ៉ាងទទូចឲ្យប្រជាជនទាំងឡាយ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបានប្រញាប់ទៅទទួលការចាក់ ដើម្បីគេចផុតពីវីរុស COVID-19 បម្លែងថ្មី Delta ដែលជាប្រភេទវីរុសចម្លងរហ័សជាងវីរុសធម្មតា និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬងាយនឹងបាត់បង់ជីវិត៕