(ហៃទី)៖ រដ្ឋមន្រ្តីរៀបចំការបោះឆ្នោត នៃប្រទេសហៃទីនិយាយថា នាយករដ្ឋមន្ត្រីស្តីទីលោក Claude Joseph នឹងចុះចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
លោក Mathias Pierre បានប្រាប់សារព័ត៌មាន Associated Press នៅថ្ងៃចន្ទនេះថា ការចរចានៅតែបន្ត ប៉ុន្តែលោក Ariel Henry នឹងដឹកនាំប្រទេសជាបណ្តោះអាសន្ន ខណៈលោក Claude Joseph នឹងវិលត្រឡប់ទៅធ្វើជារដ្ឋមន្ត្រីការបរទេសវិញ។
ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីគោរពបំណង អតីតប្រធានាធិបតីដែលត្រូវបានគេធ្វើឃាតលោក Jovenel Moise ដែលកាលណោះលោកធ្លាប់បានចាត់តាំងលោក Henry ជំនួសលោក Joseph មួយថ្ងៃមុនពេលលោកត្រូវបានគេធ្វើឃាត។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ទេថាតើលោកនាយករដ្ឋមន្រ្តីស្តីទី ដែលបានដឹកនាំប្រទេស ដោយមានការគាំទ្រពីសំណាក់ប៉ូលីស និងយោធាចាប់តាំងពីការធ្វើឃាតប្រធានាធិបតីកាលពីថ្ងៃទី ៧ ខែកក្កដា នឹងចុះចេញពីតំណែងយ៉ាងដូចម្តេចនោះទេ៕