(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនអាចរក្សាអំណាច ឬបោះទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចបាននោះឡើយ បើសិនជាគ្មានសម្ព័ន្ធ ហើយចិនក៏ដឹងពីរឿងនេះ ច្បាស់ជាងនរណាៗទាំងអស់ដែរ។ កាលពីជាង ២,០០០ឆ្នាំមុន អ្នកប្រាជ្ញាសង្រ្គាមចិន ស៊ុន អ៊ូ (Sun Tzu) បានចងក្រងក្បួនសឹកសង្រ្គាម និងយុទ្ធសាស្ត្រការទូតដ៏ល្បីល្បាញ
សម្រាប់កូនចៅចិនជំនាន់ក្រោយ ដែលគេស្គាល់ជាទូទៅថា «សិល្បៈសង្គ្រាម» ឬ «The Art of War»។
ស៊ុន អ៊ូ ដែលឱ្យតម្លៃខ្ពស់លើយុទ្ធសាស្ត្រសង្រ្គាម «ឈ្នះដោយមិនបាច់ច្បាំង» បានលើកឡើងថាអ្វីដែលសំខាន់បំផុតនៅក្នុងសង្រ្គាម នោះគឺការវាយប្រហារលើយុទ្ធសាស្ត្រ របស់សត្រូវ ហើយនៅពេលសត្រូវរួមរួប យើងត្រូវបំបែកពួកគេចេញពីគ្នា ឬក៏បំផ្លាញសម្ពន្ធភាពរបស់សត្រូវ។ បើតាមអ្នកជំនាញជាច្រើន បច្ចុប្បន្ន ចិនមិនមែនជាដៃគូអាច ប្រជែងខាងកម្លាំងយោធាជាមួយសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្ត និងមូលដ្ឋានទ័ពនៅពាសពេញពិភពលោកបាននោះទេ។ ស៊ុន អ៊ូ បានពោលថា «មេទ័ពដែលពូកែគឺជា មេទ័ពដែលដឹងថាពេលណាត្រូវច្បាំង និងពេលណាមិនត្រូវច្បាំង»។ ដូច្នេះចិនក៏ប្រហែលជានឹងមិនភ្លេចពាក្យផ្ដែផ្ដាំរបស់ស៊ុន អ៊ូ ដែលជាដូនតារបស់ខ្លួននោះដែរ។
ពិតមែនទៅ ប្រទេសមួយអាចគាំទ្របុព្វហេតុនៃប្រទេសមួយផ្សេងទៀត ប៉ុន្តែមិនមែនមានន័យថាពួកគេត្រូវពលីគ្រប់តម្លៃដោយមិនខ្វល់ពីប្រយោជន៍ជាតិរបស់ខ្លួនឯងនោះទេ ហើយនៅពេលផលប្រយោជន៍រួម រួមកាន់តែតូច សម្ពន្ធមិត្តក៏កាន់តែផុយស្រួយទៅតាមហ្នឹងដែរ។ ប្រឈមមុខនឹងមហាអំណាចលេខ១ ផុតលេខដូចជាសហរដ្ឋអាមេរិក ចិន ដឹងច្បាស់ថាមិនអាចប្រជែងដោយកម្លាំងត្រង់ៗឡើយ ផ្ទុយទៅវិញ ការបន្សាបឥទ្ធិពលអាមេរិកនៅក្នុងតំបន់តាមរយៈការពង្រីកប្រយោជន៍សេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់ រួមទាំងសម្ពន្ធមិត្តអាមេរិក ក៏ដូចជាប្រែក្លាយខ្លួនឯងឱ្យទៅជាកំពូលមហាអំណាចក្នុងតំបន់ជាមុនសិន ទើបជារឿងដែលចិនបាន និងកំពុងធ្វើសព្វថ្ងៃ។
ផ្ទុយពីទំនាក់ទំនងជាមួយអង្គការ NATO សម្ពន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសអាស៊ី គ្រាន់តែជាទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះ ហើយដើម្បីបន្សាបទំនាក់ទំនង រវាងអាមេរិក និងជប៉ុន, កូរ៉េខាងត្បូង កោះតៃវ៉ាន់ ឬហ្វីលីពីន ចិនត្រូវបានគេមើលឃើញថាកំពុងប្រើប្រាស់យុទ្ធសាស្ត្របង្វែរ ឬធ្វើយ៉ាងណាឱ្យបណ្ដាប្រទេសទាំងនេះមាន ទស្សនៈផ្សេងគ្នាចំពោះប្រយោជន៍រួមរបស់ពួកគេ ឬក៏ធ្វើឱ្យប្រទេស ១ ឬ២ ចាប់ផ្ដើមអស់សង្ឃឹម និងបាត់បង់ជំនឿចិត្តលើសម្ពន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមស្រមោលនៃអំណាចរបស់ចិន។
ត្រង់ចំណុចនេះយើងអាចផ្ដើមស្វែងយល់មុនគេពីកោះតៃវ៉ាន់។ ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់គឺជាអាទិភាពភូមិសាស្ត្រនយោបាយរបស់ចិន។ រដ្ឋាភិបាលអាមេរិកគ្រប់ជំនាន់ រាប់ចាប់តាំងពីទសវត្សរឆ្នាំ១៩៧០ មក នៅតែប្រកាន់ភ្ជាប់នូវទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ និងរក្សានូវយុទ្ធសាស្ត្រមិនច្បាស់លាស់ «strategic ambiguity» ចំពោះទីក្រុងតៃប៉ិ។ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការគាំទ្រតាមរយៈការលក់អាវុធឱ្យកោះតៃវ៉ាន់ នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ (Taiwan Relations Act, 1979) តែអាមេរិកមិនធ្លាប់បាននិយាយឱ្យច្បាស់ៗថានឹងធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ នៅពេលមានការវាយប្រហារពីចិនម្ដងណាឡើយ។ យុទ្ធសាស្ត្រ មិនច្បាស់លាស់នេះត្រូវបានអាមេរិកប្រើប្រាស់ដើម្បីកំញើញកុំឱ្យចិនប្រើកម្លាំងយោធា ហើយរារាំងតៃវ៉ាន់កុំឱ្យប្រកាសឯករាជ្យដែលជាបន្ទាត់ក្រហមកំណត់ដោយចិន។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួនយល់ថានាពេលបច្ចុប្បន្ន ចិនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រមិនច្បាស់លាស់នេះដើម្បីព្យាយាមបំបែកបំបាក់សម្ពន្ធភាពរវាងអាមេរិក និងកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ វាក៏អាចឱ្យទីក្រុងប៉េកាំងធ្វើការសន្និដ្ឋានមួយផងដែរថាទីក្រុងវ៉ាស៊ីនតោនពិតជាស្ទាក់ស្ទើរមិនហ៊ានចូលជួយតៃវ៉ាន់ពិតមែន ស្របពេល ថ្នាក់ដឹកនាំអាមេរិកខ្លួនឯងនៅតែមិនច្បាស់ចំពោះការប្ដេជ្ញាចិត្ត ឬថាតើការពារកោះតៃវ៉ាន់ដោយវិធីណា? យុទ្ធសាស្ត្រមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក ចង់ ឬមិនចង់ វាក៏ទំនងជាបានធ្វើឱ្យប្រជាជនតៃវ៉ាន់បាត់បង់ជំនឿចិត្តខ្លះៗលើអាមេរិកដែរ ហើយដែលនេះជាអ្វីដែលចិនចង់បាន។
កាលពីចុងខែមិថុនាកន្លងទៅ អ្នកនាំាពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានចេញមុខព្រមានត្រង់ៗទៅកាន់កោះតៃវ៉ាន់ដោយជំរុញឱ្យថ្នាក់ដឹកនាំទីក្រុងតៃប៉ិ គួរតែដឹងឱ្យច្បាស់ថាអនាគតរបស់តៃវ៉ាន់ គឺផ្សាភ្ជាប់ទៅនឹងការបង្រួបបង្រួមជាតិ។ អ្នកនាំាពាក្យរូបនេះបន្ថែមថារាល់ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីប្រកាសឯករាជ្យ នឹងត្រូវទទួលបរាជ័យជាដាច់ខាត។ បន្ថែមពីលើនេះ កំឡុងថ្លែងសុន្ទរកថាខួបលើកទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្ដចិន កាលពីថ្ងៃទី០១ ខែកក្កដាកន្លងទៅ លោកប្រធានាធិបតី ស៊ី ជិនពីងក៏បានបញ្ជាក់ជាថ្មីផងដែរពីការប្ដេជ្ញាចិត្តក្នុងការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ភ្ជាប់ជាមួយសារព្រមានថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត សំដៅកម្ចាត់រាល់ការប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យផ្ដាច់ខ្លួនពីចិន។
ប៉ុន្មានថ្ងៃក្រោយការថ្លែងសាររបស់លោក ស៊ី ជិនពីង អ្នកសម្របសម្រួលជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានលើកឡើងថា សហរដ្ឋអាមេរិកមិនគាំទ្រឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យជាដាច់ខាត។ «យើងគាំទ្រទំនាក់ទំនងក្រៅផ្លូវការយ៉ាងរឹងមាំជាមួយតៃវ៉ាន់...តែយើងមិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់ឡើយ»។ នេះការកត់សម្គាល់របស់លោក Kurt Campbell នាឱកាសចូលរួមក្នុងវេទិកាមួយរៀបចំឡើងដោយអង្គការ Asia Society។ ភាពមិនច្បាស់លាស់បែបនេះហើយ អាច នឹងត្រូវបានចិនប្រើប្រាស់ក្នុងការបញ្ចុះបញ្ចូលឱ្យប្រជាជនតៃវ៉ាន់យល់ថាភាពស្ទាក់ស្ទើរនេះមានន័យថាសហរដ្ឋអាមេរិកមិនបានចាត់ទុកតៃវ៉ាន់មានតម្លៃរហូតដល់ត្រូវលះបង់ គ្រប់យ៉ាងដើម្បីការពារនោះទេ។ តៃវ៉ាន់ផ្ទាល់ក៏ត្រូវតែចោទសួរខ្លួនឯងដែរថាតើសហរដ្ឋអាមេរិកហ៊ានធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយចិនដើម្បីកូនកោះដ៏តូចមួយដែលអាមេរិក មិនមានទំនាក់ទំនងជាផ្លូវការជាមួយផងនោះ ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ យុទ្ធសាស្ត្របន្សាបសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺផ្ដើមចេញពីកោះតៃវ៉ាន់។ ដ្បិតបើសិនជាចិនអាចគ្រប់គ្រងតៃវ៉ាន់ នៅថ្ងៃ ណាមួយ នោះប្រទេសដទៃទៀតដូចជា ជប៉ុន, កូរ៉េខាងត្បូង និងហ្វីលីពីន អាចនឹងចាប់ផ្ដើមសួរខ្លួនឯងថាតើពួកគេត្រូវបន្តជឿទុកចិត្តលើសហរដ្ឋអាមេរិកថាអាចការពារ សន្តិសុខជាតិរបស់ពួកគេបានដែរឬទេ ហើយការសង្ស័យ និងការបាត់បង់ជំនឿទុកចិត្តនេះឯងនឹងបំផ្លាញសម្ពន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់់បន្តិចម្ដងៗ។ តែយ៉ាងណាក៏ដោយ គេត្រូវរង់ចាំមើលថាតើសហរដ្ឋអាមេរិកនឹងបណ្ដោយឱ្យតៃវ៉ាន់របូតពីដៃទៅឱ្យចិនដែរឬអត់៕
ប្រភព៖ National Review (ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១)